ក្រសួងការពារជាតិបណ្តេញ ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌកងយុទ្ធពលខេមរភូមិន្ទ
(ភ្នំពេញ)៖ សម្តេចិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញប្រកាសលុបឈ្មោះលោកវរៈសេនីយ៍ទោ ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ជាផ្លូវការហើយ។
ការបណ្តេញលោកវរៈសេនីយ៍ទោ ផែង វណ្ណៈ ចេញពីក្របខ័ណ្ឌនេះ ពីព្រោះលោកប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និង បទវិន័យទូទៅសំរាប់កងយោធពលខេមរភូមិន្ទ។
គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ផែង វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ដោយអនុវត្តទោស ចំនួន ២ខែ និង១៥ថ្ងៃ ក្នុងពន្ធនាគារ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ ប្រព្រឹត្តកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ យោងតាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕