លោក ឡាយ វណ្ណៈ ត្រូវតុលាការសម្រេចដាក់គុក១៣ឆ្នាំ និង ឡាយ ណារិទ្ធ ១០ឆ្នាំ ចំណែកកូនចៅម្នាក់២ឆ្នាំ រឿងសម្លាប់លោកស្រី ចេវ សុវឌ្ឍនា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០១៩ នេះ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តទន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ១៣ឆ្នាំក្នុងសំណុំរឿង ឃាតកម្ម លើលោកស្រី ចេវ សុវឌ្ឍនា។
សាលក្រមដដែលនេះ បានសម្រេចផ្តន្ទាទោស លោក ឡាយ ណារិទ្ធ អតីតតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល ១០ឆ្នាំ។
ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ២ឆ្នាំ។
សូមជម្រាបជូនថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ អតីតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុស របស់លោក ឡាយ វណ្ណៈ ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ហៅ ស្រីពៅ ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗ ករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕