សមត្ថកិច្ចចម្រុះខណ្ឌមានជ័យដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបណ្តឹងច្បាប់ចរាចរណ៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៣កញ្ចប់ធំ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេរកឃើញថ្នាំញៀន ចំនួន៣កញ្ចប់ធំ នៅកាបូបស្ពាយជាប់ខ្លួន ខណៈជនសង្ស័យរូបនោះ ជិះម៉ូតូឆ្លងកាត់គោលដៅពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង០៧យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខឃ្លាំងដែក ផ្លូវ២៧១កែងផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ប៊ូ ងួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ជិះម៉ូតូធំ ម៉ាក KAWA SAKI ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1GE-4848 ។
យោងតាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងចម្រុះ គណៈបញ្ជារឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គាប់ជួនក៏មានបុរសម្នាក់ដែលជាជនសង្ស័យខាងលើ បានជិះម៉ូតូធន់ធំឆ្លងកាត់គោលដៅត្រួតពិនិត្យ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចចម្រុះ ក៏ធ្វើការឃាត់ខ្លួនសួរនាំព្រម ទាំងសុំធ្វើការឆែកឆេរ កាបូប តែជនសង្ស័យមិនឆែក ធ្វើឲ្យសមត្ថកិច្ច កាន់តែសង្ស័យក៏ចាប់ ឆែកឆេរ ស្រាប់តែរកឃើញថ្នាំប្រភេទក្រាមថ្លា ចំនួន៣កញ្ចប់ធំ សង្ស័យជាសារធាតុញៀន ទើបនាំខ្លួនយកទៅសារសួរនៅប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលើ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿងដើម្បីបញ្ជួនទៅអធិការចាត់ការបន្តតាមច្បាប់ ៕