អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងច្រាំងទន្លេដែលបាក់ ដោយទឹកជំនន់
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីនៅព្រឹកថ្ងៃទី ០៩ខែកញ្ញាឆ្នាំ២០១៩ បានចុះត្រួតពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែងដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យទីតាំងខាងលើនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យច្រាំងទន្លេ មានការបាក់ស្រុតបន្តទៀត។
លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញដែលចុះមកដល់ទីតាំងនេះធ្វើយ៉ាងណាដាក់បាវខ្សាច់ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។
បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់កោះដាច់បានឲ្យដឹងថា ច្រាំងទន្លេដែលទទួលរងការបាក់ស្រុតនេះបានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ ពោលគឺខណៈដែលជំនន់ទឹកទន្លេបានហក់ឡើងយ៉ាងគង្ហុករយៈពេលប៉ុន្មានថ្ងៃនេះហើយទំហំនៃការបាក់ស្រុតនេះមានប្រវែងប្រមាណ២០ម៉ែត្រ។
លោកឃួងស្រេងបានបញ្ជាក់ផងដែរថា ជាជំហាន ដែលយើងត្រូវអនុវត្តនេះ គឺយើងចាប់ផ្ដើមធ្វើការបោះបង្គោលទប់ដីកុំឲ្យហូរទៅបាតទន្លេរួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទីកន្លែងដែលបាក់ស្រុត ជាមួយនិងការបញ្ជូនសាឡង់មួយគ្រឿងដើម្បីដាក់ខ្សាច់មកចាក់នៅទីតាំងខាងលើនេះផងដែរសំដៅធ្វើយ៉ាងណាកុំឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះនៅជាប់នឹងផ្លូវបេតុងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹកស្រករដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការបុកស៊ីផាយនៅទីតាំងខាងលើនេះបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេនេះនៅឆ្នាំក្រោយៗទៀត។
ពាក់ព័ន្ធនិងការបម្រើសេវាជូនប្រជាពលរដ្ឋលោកឃួង ស្រេង តាមដាននិងបញ្ជាផ្ទាល់នៅទីតាំងកើតហេតុជាច្រើនម៉ោងដើម្បីឲ្យការទប់ច្រាំងទន្លេនេះទទួលបានជោគជ័យ បំបាត់នូវភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់កោះដាច់ ។
ក្រោយពីចុះធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេនៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់រួចមកលោក អភិបាលរាជធានី បានបន្តដឹកនាំមន្ត្រីជំនាញចុះ ត្រួតពិនិត្យច្រាំងទន្លេមួយកន្លែងទៀតនៅក្នុងភូមិខ្ទរ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ដែលទីតាំងនេះក៏បានទទួលរងការគម្រាមកំហែងដោយការបាក់ច្រាំងទន្លេផងដែរ ខណៈដែរវិស័យឯកជនបានកំពុងតែចាក់ដីថ្មចូលច្រាំងទន្លេដើម្បីបង្ការកុំអោយបាក់ចូលភូមិដ្ឋានរបស់ពួកគាត់
ទោះបីជាយ៉ាងណាក្តីពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីគាំទ្រចំពោះការបង្ការនិងទប់ស្កាត់កុំអោយបាក់ច្រាំងទន្លេនេះ តែសុំអោយបងប្អូនប្រជាពលរដ្ឋសុំច្បាប់មករដ្ឋបាលរាជធានី នោះរដ្ឋបាលរាជធានីនិងអនុញ្ញាតិច្បាប់ជូន ដើម្បីអោយការចាក់ថ្ម ដីចូលច្រាំងទន្លេនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់៕