គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃស្លាប់ប្រជាពលរដ្ឋខ្មែរ៤នាក់និងជាច្រើននាក់ទៀតរបួសធ្ងន់និងស្រាល
ប្រទេសថៃ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត២គ្រឿងបុកគ្នាបណ្ដាលឲ្យ មនុស្សចំនួន៥នាក់បានស្លាប់និង៧នាក់ទៀតរបួសធ្ងន់និងស្រាល
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខនខេត្តសាកែវ(ស្រះ កែវ)។
យោងតាមប្រភពបានអោយដឹងថា រថយន្តប្រភេទទេសចរណ៍មួយគ្រឿងម៉ាក Toyota Cameryពាក់ស្លាកលេខសាកែវកខ-៣៧៨៩ ទិសដៅបញ្ច្រាស់ទិសគ្នា បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទវ៉ែនដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខបាងកក៣៣-៤៩៣៣ដែលធ្វើដំណើរ ទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សាររោងក្លឿ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។
ប្រភពបន្តថា ក្នុងហេតុការគ្រោះថ្នាក់ដ៏រន្ធត់នោះបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៥ នាក់រងរបួស៧នាក់។ ក្នុងនោះមានពលរដ្ឋខ្មែរចំនួន១០នាក់(ជាទេសចរ និងអ្នកជំងឺ) ដែលជិះក្នុងរថយន្តវ៉ែនបើកបរដោយជនជាតិថៃ ទិសដៅពីបាងកក មកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានរងគ្រោះស្លាប់ចំនួន៤នាក់(៣នាក់ជាស្ត្រីនិងម្នាក់ជាកុមារា)។ ចំណែក ៦នាក់ផ្សេងទៀត គឺ៤នាក់រងរបួសស្រាល និង ២នាក់រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ តៃកុងឡានវ៉ែនដែលជាជនជាតិថៃបានស្លាប់។ រីឯអ្នកបើកបររថយន្តទេសចរណ៍កំពុងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។
ប្រភពដដែលបន្តថា ពលរដ្ឋខ្មែរទាំង៤នាក់ ដែលបានស្លាប់ជាពលរដ្ឋមកពីភូមិ គោកព្រិច ឃុំតាផូស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះ ដូចខាងក្រោម៖
ទី១/ ឈ្មោះ អោក លីម ភេទស្រី អាយុ៥១ឆ្នាំ
២/ឈ្មោះ ជួង ស៊ីញីន ភេទស្រី អាយុ ១៦ឆ្នាំ
៣/ឈ្មោះ ជួង ចាន់នីន ភេទស្រី អាយុ១៧ឆ្នាំ
៤/ឈ្មោះ ជួង ឡៃអ៊ិន ភេទប្រុស អាយុ១១ឆ្នាំ
មន្ត្រីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ(ស្រះកែវ) បានចុះទៅកាន់កន្លែងកើតហេតុ ជួបជនរងគ្រោះជាពលរដ្ឋខ្មែរ អាជ្ញាធរពាក់ព័ន្ធថៃ និងបាននិងកំពុងសហការជាមួយសាច់ញាតិសព ជនរងគ្រោះ ជាពលរដ្ឋខ្មែរព្រមទាំងអាជ្ញាធរពាក់ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជា ៕