ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះលោក សម រង្ស៉ី ដែលហ៊ានប្រមាថ ព្រះកិត្តិនាម ព្រះមហាក្សត្រ
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះលោក សម រង្ស៉ី ដែលហ៊ានប្រមាថ អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ជាថ្មីម្តងទៀត។
តាមសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំង ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្ដ្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពស្រលាញ់ស្មើជីវិត។
ក្រសួងព្រះបរមរាជវាំងបានឲ្យដឹងថា អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោក សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ទង្វើរបស់លោក សម រង្ស៉ី ប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ត្រូវបានអ្នកវិភាគ និងប្រជាពលរដ្ឋ លើកឡើងប្រតិកម្មខ្លាំងៗ វិញថា ទង្វើរបស់លោក សម រង្ស៉ី បែបនេះគឺជាទង្វើដ៏ថោកទាបបំផុត មិនមានតម្លៃជាមនុស្សនោះទេ។ លោក សម រង្ស៉ី ត្រូវតែទទួលទោសចំពោះមុខច្បាប់ ជាធរមានលើការប្រមាថប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដែលត្រូវបានច្បាប់កំពូលរបស់ប្រទេសកម្ពុជា ហាមមិនឲ្យនរណារំលោភបំពានឡើយ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕