Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ភ្លៀងធ្លាក់ខ្លាំងធ្វើអោយឃុំចំនួន០៤ក្នុងស្រុកសំឡូត​រងការលិច​លង់និងពលរដ្ឋ២៧គ្រួសារ​ជម្លៀសចេញពីលំនៅឋានទាំងយប់

បាត់​ដំបង៖​ ឃុំចំនួន០៤នៅក្នុងស្រុុកសំឡូត​ខេត្តបាត់ដំបង​ ​នៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩នេះ​ ត្រូវរងការលិចលង់​ បន្ទាប់ពី​មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងលើ​ជាប់​ព្រំដែនកម្ពុជា ថៃ​ បានបង្កជាទឹកជំនន់​ បណ្ដាលឲ្យបាក់ស្ពានយោលមួយនិងប្រជា​ពលរដ្ឋជាង២០គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅឋានជាបណ្តោះអាសន្ន។

លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានអោយដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្រោយមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី១៥ខែកញ្ញានៅតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត បាន​ បង្កជាជំនន់ទឹកភ្លៀងឡើង ធ្វើអោយឃុំចំនួន៤ ក្នុងស្រុកសំឡូត​ រួមមាន៖​ ឃុំតាតោក ឃុំសំឡូត ឃុំតាសាញ និងឃុំអូរតាតៀក រង​ផលប៉ះពាល់បាក់ស្ពានយោលស្ទឹងក្រញូង លិចផ្ទះប្រជាពលរដ្ឋចំនួន២៧គ្រួសារជម្លៀស​ចេញបានតែខ្លួន និងផ្លូវមួយចំនួនមិនអាចធ្វើដំណើរឆ្លងកាត់បាន។

លោក​ អភិបាលស្រុកបានបន្តថា ក្រោយមានជំនន់ទឹកភ្លៀងយ៉ាងគំហ៊ុក រហូតមកដល់ពេលនេះត្រូវបានប្រធានធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានសម្រេចបើកទ្វារទឹកក្នុងអាងពហុបំណងសេកសកបង្ហូរធ្លាក់​ចូលស្ទឹងសង្កែ ធ្វើអោយស្ថានភាពទឹកផ្នែកខាងលើសំឡូតបានថមថយបន្តិច តែផ្លូវ​មួយចំនួននៅមិនទាន់អាចធ្វើដំណើរឆ្លងកាត់បាន​នៅឡើយទេ​ ៕