រថយន្តកូរ៉េ បុកគូថរថយន្តសណ្ដោងរ៉ឺម៉កពីក្រោយគាបជាប់បុរសម្នាក់ក្នុងកាប៊ីនស្លាប់គួរឲ្យរន្ធត់និង២នាក់ទៀតរបួសធ្ងន់ស្រាល
ភ្នំពេញ៖ បុរសម្នាក់គាបជាប់ក្នុងកាប៊ីនរថយន្តស្លាប់ភ្លាមៗគួរឲ្យរន្ធត់ និង២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ខណៈបើករថយន្ត កូរ៉េ ដឹកទំនិញមួយគ្រឿង មិនប្រយត្ន័ក៏ជ្រុលទៅបុកគូថរថយន្ត សណ្ដោងរុឺម៉កពីក្រោយពេញទំហឹង
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺ ចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវហានណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វិន ភេទប្រុស អាយុវ៣៦ឆ្នាំ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ វ៉េវ ភេទប្រុស អាយុ១៨ឆ្នាំ និងតៃកុងរថយន្ត ឈ្មោះ ប៉ូង មករា អាយុ៣៤ឆ្នាំទាំងបីនាក់ រស់នៅភូមិវែង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8929 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសពីត្បូងទៅជើងក្នុងល្បឿនលឿន សង្ស័យអ្នកបើកបរងោក ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកគូថរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-9618 ពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ គាបជាប់ក្នុងកាប៊ីនស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្តសណ្ដោងរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕