អភិបាលខេត្តព្រៃវែង ចុះចែកអំណោយ និងស្វែងរកទីទួលសុវត្ថិភាពជូនពលរដ្ឋ ចំនួន ៥ពាន់គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់
ព្រៃវែង៖ ទឹកជំនន់នៅខេត្តព្រៃវែង បានប៉ះពាល់ដល់ស្រុក-ក្រុងចំនួន៨ ក្នុងចំណោម១៣ស្រុក-ក្រុង នៃខេត្តព្រៃវែង រួមមាន៖ ស្រុកស៊ីធរកណ្តាល ស្រុកពារាំង ស្រុកពោធិ៍រៀង ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ ស្រុកកំពង់ត្របែក ស្រុកពាមជរ ស្រុកព្រះស្តេច ខណៈអាជ្ញាធរ បានចេញប្រតិបត្តិការចែកអំណោយសង្គ្រោះបន្ទាន់ ព្រមទាំងស្វែងរកកន្លែងមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសត្វពាហនៈ។
លោក ឌុច គង្គា អភិបាលរងខេត្តព្រៃវែង បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះថា គ្រោះទឹកជំនន់នៅខេត្តព្រៃវែង បានប៉ះពាល់ដល់គ្រួសារដែលរងគ្រោះ មានចំនួន ៤,៩៩១គ្រួសារ និងគ្រួសារដែលត្រូវជម្លៀសមាន២២គ្រួសារ។
អភិបាលរងខេត្ត បានបញ្ជាក់ទៀតថាគ្រួសារ ខ្វះស្បៀងមានចំនួន៤៥៥គ្រួសារនិងគ្រួសារមានជម្ងឺ ៥គ្រួសារ ផ្ទះដែលរងផលប៉ះពាល់ចំនួន៣,៣២៧ខ្នង និងប៉ះពាល់ដល់ស្រូវ រដូវវស្សាចំនួន១១,៣៥៥ហិកតានិងខូចខាត២៥៨ហិកតា ប៉ះពាល់ផ្លូវកៅស៊ូប្រវែង១០០ម៉ែត្រ និងមានភូមិចំនួន ៣១៨រងផលប៉ះពាល់លិចផ្លូវ ដោយសារទឹកជំនន់ព្រមទាំង ផ្លូវលំប្រវែង ៧៥,៦៨០ម៉ែត្រ និងខូចខាតផ្លូវលំប្រវែង ២៦,៥៦៥ម៉ែត្រ ខូចខាតផ្ទះមួយខ្នង សាលារៀនចំនួន៣៧កន្លែង មណ្ឌលសុខភាព១ អណ្តូងទឹកចំនួន ២៨៥អណ្តូង ខូចខាតអណ្តូង៩០អណ្តូង បង្គន់អនាម័យ ចំនួន៣០៣ បង្គន់ ព្រមទាំងប៉ះពាល់ប្រឡាយ និងទំនប់ប្រវែង១៥៨,៤៦៧ម៉ែត្រ និងខូចខាតទាំងស្រុកប្រវែង៣០០ម៉ែត្រ។
លោក ឌុច គង្គា បានបន្តថា គ្រោះទឹកជំនន់នេះ អាជ្ញាធរខេត្តព្រៃវែងដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងណែនាំឲ្យអាជ្ញាធរមូលដ្ឋានបន្ថែមការប្រុងប្រយ័ត្ន ខ្ពស់ ក្នុងការត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះពលរដ្ឋ និងស្វែងរកទីទួលមានសុវត្ថិភាព ជូនពួកគាត់ធានាបាននូវសុខសុវត្ថិភាព។ ពិសេសតំបន់ដែលគ្រោះថ្នាក់ គឺហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ឲ្យពួកគាត់បានដឹង ហើយអាជ្ញាធរទាំងអស់ ត្រូវដាក់កម្លាំងវេនប្រចាំការនៅតាមកន្លែងដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានត្រៀមនិងចែកស្បៀងជូនប្រជាពលដ្ឋផងដែរ។
លោក ឌុច គន្ធា បានបញ្ជាក់ថា នៅថ្ងៃ១៥ ខែកញ្ញា, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ជា សុមេធី បានឧបត្ថម្ភគ្រួសារក្រីក្រចំនួន ២គ្រួសារ នៅឃុំរកា ស្រុកពារំាង ដោយ១គ្រួសារទទួលបានថវិការចំនួន២០ម៉ឺនរៀល ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនិងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ ស្រុកពោធិ៍រៀង និងប្រជាពលរដ្ឋ បានចូលរួមកម្លាំងទប់ផ្លូវប្រមាណ១,០០០ម៉ែត្រ ត្រង់ចំណុចស្ពានកំពង់ខ្សាច់ ស្រុកពោធ៌រៀង ខេត្តព្រៃវែង។
បើតាមលោក ឌុច គន្គា កម្រិតប្រកាសអាសន្ននៅខេត្តព្រៃវែងនោះ៧,៥០ម៉ែត្រ ឥឡូវទឹកនៅ ៦,៨៣ម៉ែត្រ បើធៀបនិងឆ្នាំ២០១៨កម្រិតខ្ពស់ជាង០,០៨ គឺជិតប្រកាសអាសន្នហើយ៕