ខឹងសុំលុយឪពុកម្ដាយមិនដុតផ្ទះខ្លួនឯងឆេះដល់ផ្ទះអ្នកជិតខាងជាច្រើនខ្នង
ភ្នំពេញ៖ សង្ស័យញៀនថ្នាំដល់កម្រិតខឹងសុំលុយម៉ែឪមិនបានយកដែកកេះដុតផ្ទះឆេះសន្ធោសន្ធៅ រាលដាលដល់ផ្ទះប្រជាពលរដ្ឋ១០ខ្នងផ្សែងទៀត និងបានឆេះក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអធម៌ ចំណែកឪពុកម្ដាយភ្លើងឆេះរបួសធ្ងន់ រួចបានស្លាប់បុរសជាឪពុកក្រោយបញ្ជួនទៅដល់មន្ទីរពេទ្យ កាល់ម៉ែត្រ
ហេតុការណ៍គ្រោះអគ្គីភ័យដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ(ឃ) សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ ។
ម្ចាស់ផ្ទះរងគ្រោះដែលស្លាប់មានឈ្នោះ លី លិប អាយុ៧៦ឆ្នាំនិងកូនប្រុសដែលមានសតិមិនគ្រប់ស្លាប់នៅក្នុងភ្លើងនោះឈ្មោះ សៃហ៊ូឡោះ អាយុ១១ឆ្នាំ និងម្តាយរបួសធ្ងន់ អ្នកទាំងអស់គ្នាស្នាក់នៅកន្លែងកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឆាបឆេះផ្ទះនោះផ្តើមចេញមកពីកូនប្រុសម្ចាស់ផ្ទះម្នាក់សង្ស័យញៀនថ្នាំដល់កម្រិតសុំលុយឪពុកម្តាយទិញថ្នាំញៀនជក់មិនបានក៏ឈ្លោះគ្នាឡូឡាផ្អើលពេញភូមិក្រោយមកស្រាប់តែមាន អគ្គីភ័យកើតឡើងចេញពីផ្ទះកើតហេតុ និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងតែម្តង។
តាមប្រភពបន្តថា ភ្លាមៗអ្នកជិតខាងបាននាំគ្នាយកទុយោបាញ់ទឹកនិងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ប៉ុន្តែគេមិនអាចជួយបានរហូតឆេះខ្លាំងឡើងនិងបានរាយការណ៍សមត្ថកិច្ច មូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយ អន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះអាជ្ញាធរមានសមត្ថកិច្ចបានប្រើប្រាសរថយន្តពន្លត់អគ្គីភ័យចំនួន២៧គ្រឿងបាញ់ពន្លត់ដោយរយៈពេលមួយម៉ោង៕