អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះទឹកជំនន់
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាស និងអំពាវឱ្យប្រជាពល រដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅការត្រៀមខ្លួន និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសែនត្រូវមានការ ប្រុងប្រយ័ត្ន ចំពោះការបាក់ស្រុតផ្ទះសំបែង ជាយថាហេតុ ដែលមានសាងសង់នៅគៀកនៅតាមមាត់ស្ទឹងសែនតែម្តង។ ស្ថានីយ៍វាស់កម្ពស់ទឹកធំៗ ចំនួនពីរកន្លែង នៅក្នុងខេត្តកំពង់ធំ គឺស្ថានីយ៍ស្រុកសណ្តាន់ និងស្ថានីយ៍កំពង់ធំ កើនឡើងលើសកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន។
តាមសេចក្ដីរាយការណ៍ ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩ ថាទឹកជំនន់ស្ទឹងសែន បានហូរចូល ទៅកាន់ភូមិ និងតំបន់ដីកសិកម្មរបស់ប្រជាពលរដ្ឋចំនួន៥ស្រុក គឺស្រុកកំពង់ស្វាយចំនួន០២ឃុំ គឺ(ឃុំព្រៃគុយ និងឃុំកំពង់ស្វាយ) ស្រុកសណ្តាន់ ចំនួន៤ឃុំ (ឃុំមានជ័យ, ឃុំឈើទាល,ឃុំងន និងឃុំក្លែង)ស្រុកប្រាសាទសំបូរ ចំនួន៥ឃុំ គឺ(ឃុំឈូក, ឃុំតាំងក្រសៅ, ឃុំគោល,ឃុំសំបូរ និងឃុំស្រើង)ស្រុកស្ទោង ចំនួន៣ឃុំ គឺ(ឃុំម្សារក្រង ឃុំសំព្រោច និងឃុំបន្ទាយស្ទោង) និងក្រុងស្ទឹងសែន ចំនួន០៤សង្កាត់ មាន(សង្កាត់កំពង់ក្របៅ, សង្កាត់ព្រៃតាហ៊ូ,សង្កាត់ស្រយ៉ូវ និងសង្កាត់អូរគន្ធរ)
លោក យ៉ូវសេងគុណ ប្រធានរដ្ឋបាលសាលា ខេត្តកំពង់ធំ បញ្ជាក់ថា ទឹកជំនន់បានវាយប្រហារទៅលើស្រុកចំនួន៥ ក្នុងខេត្ត បណ្តាលមានផលប៉ះពាល់លិចផ្លូវ គ្រួសក្រហមនិងផ្លូវដីសប្រវែង៨២២៨ម៉ែត្រ លិចទីធ្លាសាលារៀនចំនួន១៧កន្លែង លិចប្រព័ន្ធធារាសាស្ត្រ ប្រឡាយមេ ៤កន្លែង សរុបប្រវែង៧៩៥៥ម៉ែត្រ ប្រឡាយរង ៣កន្លែង ប្រវែង២៧៣៥ម លិចទំនប់ទឹក៤កន្លែង ១២៥០ម និងប៉ះពាល់ស្រូវរដូវវស្សា ចំនួន៤ស្រុក ក្រុង១ មានឃុំសង្កាត់ចំនួន១៨សរុប១៤៧៣ហិតា ប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០៣៦គ្រួសារ។
ឧបទ្ធវហេតុផ្សេងៗគ្រោះអគ្គីភ័យចំនួន៣ លើកលង់ទឹកស្លាប់២នាក់ រន្តះបាញ់១នាក់ ខ្សែភ្លើង ឆក់២នាក់ ពលរដ្ឋ៤០៦គ្រួសារ បានធ្វើការជំលៀសមកកាន់ទីទួលសុវត្ថិភាព ក្រុមការងាររបស់អាជ្ញាធរខេត្តបានចុះចែកសម្ភារប្រើប្រាស់ និងសួរសុខទុក្ខដោយផ្ទាល់បានចំនួន២០៦គ្រួសារ ព្រមទាំងបន្តចុះសួរសុខទុក្ខ ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កំពស់ទឹកស្ទឹងសែន នៅស្ថានីយ៍កំពង់ធំ មានកម្ពស់១៣.៥៥ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្នចំនួន០.០៥ម៉ែត្រ និងស្ថានីយ៍ស្រុកសណ្តាន់ មានកម្ពស់ទឹក១៩.២២ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្នចំនួន០.៧២ម៉ែត្រ។ កម្រិតប្រៀបធៀប កម្ពស់ទឹកប្រចាំឆ្នាំនៅឆ្នាំ២០១៨ ចំនួន១២.៧៦ម៉ែត្រ និងឆ្នាំ២០១៩ មានកំពស់ ១៣.៥៥ម៉ែត្រ មានការកើនឡើងជាងឆ្នាំមុនចំនួន០.៦៤ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានត្រៀមបង្កាសម្ភារៈសម្រាប់ជួយសង្គ្រោះ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរកទីទួលសុវត្ថិភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ រស់នៅត្រូវមានអនាម័យល្អ ៕