ក្រសួងបរិស្ថានបេីកវគ្គហ្វឹកហ្វឺនមន្រ្តីមុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ»
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃ១៩ខែកញ្ញាឆ្នាំ២០១៩នៅសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន សហការជាមួួយសាលានាយទាហានសកម្មនៃកងយោធពលខេមរភូមិន្ទ បេីកវគ្គហ្វឹកហ្វឺនមន្រ្តីមុខងារសាធារណ:ជាឧទ្យានុរក្សជំនាន់ទី៨ ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មត្មាតពង បានថ្លែងអំណរគុណក្រសួងបរិស្ថាន ដែលបានសហការជាមួយសាលានាយទាហានសកម្មរៀបចំវគ្គហ្វឹកហ្វឺន ស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ»បាន៨វគ្គរួមទាំងវគ្កហ្វឹកហ្វឺន ដែលបេីកដំណេីរការនាពេលនេះ។ នៅក្នុងវគ្គនេះ មន្រ្តីឧទ្យាននុរក្សចំនួន៦០នាក់ មកពីតំបន់ការពារធម្មជាតិ នៅក្នុងខេត្តចំនួន១៦ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមហ្វឹកហាត់រយ:ពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែកញ្ញាដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លេីមុខវិជ្ជាអប់រំចិត្តសាស្រ្ត យុទ្ធវិធី សព្វាវុធ វិស្វកម្ម សង្គ្រោះបឋម លំហាត់របៀប បាញ់ ក្បាច់គុណកងយោធពលខេមរភូមិន្ទនិងកីឡាយោធា ការរស់នៅក្នុងតំបន់ព្រៃ និងធ្វេីលំហាត់យុទ្ធវិធី ឧទរជីវិតនៅតំបន់គីរីរម្យ។
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលេីកឡេីងថា ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យឃើញ យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងវិស័យយោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមានសមត្ថភាពនិងគុណធម៌ខ្ពស់បន្ថែមទៀត នៅក្នុងបុព្វហេតុការពារជាតិនិងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានបន្ថែមថាសមិទ្ឋិផលទាំងនេះអាចសម្រេចទៅបានក៏អាស្រ័យដោយប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពសង្គម នីតិរដ្ឋ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះឯកឧត្តម បានបញ្ជាក់ថា សម្រាប់នីតិកាលទី៦នេះ ក្រសួងបរិស្ថានបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីកសាងបាននូវភាពជាអ្នកដឹកនាំ ប្រព័ន្ធរដ្ឋបាលទំនើបលើកកម្ពស់គុណតម្លៃមន្ត្រីរាជការឱ្យស្រលាញ់ខ្លួនឯង មានមោទនភាពជាតិ សុចរិត សេវាកម្ម ឧត្តមភាព និងការអភិវឌ្ឍសមត្ថភាព ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់មន្ត្រីថ្នាក់ក្រោមគ្រប់លំដាប់ថ្នាក់សំដៅក្តាប់មកវិញនូវមោទនភាព ជាតិ និងការកសាងប្រទេសដ៏ទំនើបមួយ ដែលប្រជាពលរដ្ឋមានជីវភាពខ្ពស់ និងរស់នៅក្នុងបរិស្ថានដែលល្អប្រសើរ ដោយធានាបាននូវនិរន្តភាពបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលេីកឡេីងថា ថ្វីត្បិតតែវគ្គហ្វឹកហ្វឺនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្ត្រល្បាតក្នុងត្បាតក្នុងតំបន់ការពារធម្មជាតិ» មានរយៈពេលខ្លី ប៉ុន្តែវាជាគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់ការកសាងសមត្ថភាពជំនាញជាមូលដ្ឋានរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅទីវាល
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ យកនូវចំណេះដឹងដែលយោធាចារ្យ និងគ្រូឧទ្ទេសទាំងអស់ បានបង្ហាត់បង្រៀនប្រកបដោយសម្បជញ្ញៈ និងការទទួលខុសត្រូវខ្ពស់ សម្រាប់យកទៅបំពេញភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន ក្នុងបុព្វហេតុឧត្តុង្គឧត្តមរបស់ជាតិ ប្រជាជន និងមាតុភូមិ ៕