ជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តបុកស្លាប់
កំពង់ចាម ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌ ខណៈជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចររណ៍ត្រូវរថយន្តសាំយ៉ុងបុកពេញទំហឹង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២និង០០នាទីរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ(៦អា) ចន្លោះគីឡូម៉ែត្រលេខ ៦៣និង៦៤ចំនុចផ្លូវបំបែក ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
សពជនរងគ្រោះមានឈ្មោះ សាន ផាន់ណា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាម ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-6904 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន ម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HR-0795 បើកដោយបុរសម្នាក់បញ្ច្រាស់ទិសដៅចរាចរណ៍ ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលអោយដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងតែម្ដង ។ បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រាមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកធ្វើការវាសវែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជួនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕