Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

មេធាវី អ៊ុក ស៊ីរឿន ថា បុរសដែលត្រូវចាប់ដាក់គុកជាកូនក្តីរបស់មេធាវី អុប វីរៈ ជាដើមបណ្តឹង តែត្រូវចាប់ខ្លួនក្នុងរឿងផ្សេង បើអ្នកកាសែតមិនកែតម្រូវលោកនឹងប្តឹង!

ភ្នំពេញ)៖ បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានថា ជនត្រូវចោទម្នាក់ឈ្មោះ សំ ភាព ភេទប្រុស ដែលគេដឹងថាជាកូនក្តីរបស់លោកមេធាវីកម្មសិក្សាឈ្មោះ អុប វីរៈ និងលោកមេធាវីឈ្មោះ អ៊ុក ស៊ីរឿន (ជាគ្រូកម្មសិក្សា) ត្រូវកម្លាំងនគរបាលឃាត់ខ្លួនកាលពី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនៅក្នុងបរិវេណសាលាដំបូងងរាជធានីភ្នំពេញនោះ ឥឡូវនេះ លោកមេធាវី អ៊ុក សារឿន បានចេញមុខបកស្រាយបំភ្លឺតាមរយៈការផ្ញើសារទៅកាន់សារព័ត៌មាន Swift News នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកមេធាវី អ៊ុក សារឿន បានប្រើប្រាស់គណនី Facebook ឈ្មោះ Syroeun Ouk ផ្ញើសារជាអក្សរទៅកាន់ទំព័រសារអេឡិចត្រូនិច Facebook របស់សារព័ត៌មាន Swift News ដើម្បីបំភ្លឺលើករណី កូនក្តីរបស់លោកមេធាវី អុប វីរៈ ត្រូវបាននគរបាលចាប់ដាក់គុកព្រៃស យ៉ាងដូច្នេះថា៖ « ខ្ញុំបាទជាមេធាវី អ៊ុក សុីរឿន សូមជម្រាបដល់លោកប្រធានកាសែត Swift Daily, កាសែតមេគង្គ, CSN Daily, BPN News អោយបានជ្រាបថា: ចំពោះការចុះផ្សាយដែលចំណងជើងថា “បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅគ្រាមេធាវីកម្មសិក្សានិងគ្រូកម្មសិក្សាជាអ្នកការពារសិទ្ធិ នាំទៅឆ្លើយនោសាលាដំបូងរាជធានីភ្នំពេញ” ខ្ញុំសូមបំភ្លឺជូនកាសែតថា
១. ខ្ញុំបាទមិនមែនជាអ្នកហៅកូនក្ដីចូលឆ្លើយនោះទេ ។
២. គឺតុលាការជាអ្នកចេញដីកាហៅកូនក្ដីចូលឆ្លើយ ។
៣. ហើយនៅក្នុងសំណុំរឿងនេះ គឺកូនក្ដីរបស់មេធាវី អុប វីរះ គឺជាដើមបណ្ដឹង ហើយតុលាការបានចេញដីកាហៅដើមបណ្ដឹងនឹងជនចាប់ចោទមកសួរតទល់ ដូច្នេះនៅក្នុងសំណុំរឿងនេះមិនមានការពាក់ព័ន្ធនិងឃាត់ខ្លួនដើមបណ្ដឹងនោះទេ ផ្ទុយទៅវិញ ពាក់ព័ន្ធនឹងការឃាត់ខ្លួនរបស់លោកមេធាវី អុប វីរះ នោះ គឺជាសំណុំរឿងផ្សេងមួយទៀតដោយលោកមេធាវីមិនបានការពារនិងដឹងឡើយ។ ដូច្នេះអ្វីដែលអ្នកកាសែតយករូបខ្ញុំមេធាវី អ៊ុក សុីរឿន និងលោកមេធាវី អុប វីរះ មកផ្សព្វផ្សាយនោះគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិជ្ជាជីវះរបស់មេធាវី ក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូររបស់មេធាវី មានន័យថាមេធាវីជាអ្នកការពារផលប្រយោជន៍កូនក្ដី មិនមែននាំកូនក្ដីទៅអោយសមត្ថកិច្ចចាប់ឃាត់ខ្លួននោះទេ។ ដូច្នេះ ខ្ញុំបាទសូមសំណូមពរដល់កាសែតដែលបានរៀបរាប់ខាងក្រោម ថា:
១. កាសែតមេគង្គ
២.កាសែត CSN Daily
៣. កាសែត BPN News
៤. កាសែត Swift Daily
ធ្វើការកែតម្រូវលើអត្ថបទនិងរូបភាពដែលបានចុះផ្សាយនេះវិញ ក្នុងលក្ខខណ្ឌមិនមានការកែតម្រូវនោះ យើងនឹងមានចំណាត់ការតាមផ្លូវច្បាប់។ ខ្ញុំបាទមេធាវី អ៊ុក សុីរឿន មានការជឿជាក់ថា លោកប្រធានកាសែតដែលបានរៀបរាប់ខាងលើនេះនឹងធ្វើការកែតម្រូវលើអត្ថបទដែលបានចុះផ្សាយមកលើរូបខ្ញុំជាពុំខាន។»

សូមបញ្ជាក់ថា បើយោងតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៩ (ឆ.១) ដ.ច.ន/១៩ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទឈ្មោះ សំ ភាព ភេទប្រុស កើតថ្ងៃទី ១២ ខែមិនា ឆ្នាំ១៩៧៦ ដើម្បីយកទៅដាក់ពន្ធនាគារ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជូញដូរបាន។

ការចាប់ខ្លួនជនត្រូវចោទរូបនេះ បានធ្វើឡើងនៅគ្រាដែលរូបគេត្រូវលោកមេធាវី អុប វីរៈ និងលោកមេធាវី អ៊ុក ស៊ីរឿន នាំទៅចូលឆ្លើយបំភ្លឺនៅតុលាការក្នុងសំណុំរឿងដែលខ្លួនជាដើមបណ្តឹង។

សូមជម្រាបថា ជនត្រូវចោទខាងលើត្រូវបាន តុលាការសាលាដំបូងរាជធានភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើករួចមកហើយ ប៉ុន្តែមិនបានចូលខ្លួនតាមការបង្គាប់នោះទេ។

ជាចុងក្រោយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្ដង៕