សត្វព្រៃជាង២០០គីឡូក្រាម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបង្ក្រាបបាន
កំពង់ធំ ៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបករណីដឹកជញ្ជួននិងជួញដូរសត្វព្រៃដោយខុសច្បាប់ ដកហូតបានសត្វជាច្រើនក្បាលនិងឃាត់ខ្លួនជនសង្ស័យជាអ្នកបើករថយន្តបានម្នាក់
ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចភូមិស្លាកក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំកម្លាំងដោយ លោកវរសេនីទោ ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យអ្នកបើករថយន្តមានឈ្មោះ ងន វុនរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ។ វត្ថុតាងដកហូតរួមមាន៖រថយន្តក្រុងមួយគ្រឿងម៉ាកKIA ពណ៌ស្លាទុំលាយសរ ពាក់ស្លាកលេខភ្នំពេញ 3D-2417 ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ និង អណ្តើកសកល ២៨ក្បាល ស្មើនឹង ១៧៩គីឡូក្រាម, ពស់ចាន់ល្មម ៨២ក្បាល ស្មើនឹង ៤៥គីឡូក្រាម និងអន្សង ០៤ក្បាល ស្មើនឹង ០៨គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ កងរាជអាវុធហត្ថប្រគល់ជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការទៅតាមនីតិវិធី៕