ចោរថ្លើមធំ! យកកាំបិតភ្ជង់ប្លន់យុវតីម្នាក់យកម៉ូតូទាំងព្រឹក តែមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្តិចាក់អង្រែក្រោម ខ្លួនបន្ទាប់ពីធ្វើសកម្មភាព យកកូនកាំបិតចុងស្រួចភ្ចុងប្លន់ម៉ូតូនិងទូរស័ព្ទដៃពីយុវតីម្នាក់មិនបានសម្រេច ហេតុការណ៍ការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩ នៅបរិវេណវិទ្យាល័យចាក់អង្រែក្រោម ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឡៅ ម៉េង លាង អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិអូណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ចំណែកយុវតីរងគ្រោះមានឈ្មោះ គង់ រក្សាអាយុ១៨ ឆ្នាំមុខរបរជាសិស្សស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។
បើតាមសម្ដី យុវតីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូចេញពីផ្ទះ មកវិទ្យាល័យចាក់អង្រែក្រោម បំណងយកសៀវភៅតាមដានដើម្បីទៅដាក់នៅ ក្រសួងអប់រំយុវជននិងកីឡាដើម្បីយកអាហារូបករណ៍ ព្រោះរូបនាងប្រលងជាប់បាក់ឌុប ខណៈមកដល់វិទ្យាល័យ នាងបានបើកទូរសព្ទមើលឃើញមិត្តភក្កិបានឆាតមកប្រាប់ថាថ្ងៃនិងគ្រូមិនបានរៀនទេ ភ្លាមនោះនាងក៏បានឡើងជិះម៉ូតូ ចេញបំណងត្រឡប់ទៅផ្ទះវិញ ពេលនោះក៏មានជនសង្ស័យម្នាក់បានយកកាំបិតចុងស្រួចមកភ្ជង់ចង្កេះនាង ហើយប្រាប់អោយនាងប្រគល់ទូរសព្ទ័ នឹងម៉ូតូឲ្យគេតែភ្លាមៗនោះប្រជាពលរដ្ឋបានឃើញស្រែកឆោឡោស្រាប់តែជនសង្ស័យក៏ទម្លាក់កាំបិត និងទូរសព្ទ័ចោល បំរុងរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចដែលឈរការពារតាមផ្លូវដេញចាប់ឃាត់ខ្លួនបានយកទៅសួរនាំនៅប៉ុស្តិនគរបាលចាក់អង្រែក្រោម ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនខ្លួនទៅអធិការដ្ថានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕