Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អ្នកនាំពាក្យតុលាការខេត្តបន្ទាយមានជ័យចេញសេចក្តីថ្លែងការណ៍បំភ្លឺជុំវិញករណីមានជនអនាមិកប្តឹងទៅ ACU

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់អំពីការពិត បន្ទាប់ពីមានក្រុមជនអនាមិក បានប្តឹងលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក ផេង អិ និងប្រពន្ធឈ្មោះ ថោង រដ្ឋា ទៅកាន់អង្គភាពប្រឆាំងអពើពុករលួយ (ACU) ថាបានឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោះលែងក្រុមឧក្រិដ្ឋជនគ្រឿងញៀន។

សេចក្តីថែងការណ៍របស់ អ្នកនាំពាក្យ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរៀបរាប់អំពីដំណើររឿងយ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំ និងសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅក្នុងប្រតិបត្តិការណ៍នោះ កម្លាំងសមត្ថកិច្ចបានប្រើវិធានញុះញង់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់រួមមាន៖ឈ្មោះ តេង ផូង ភេទប្រុស, ឈ្មោះ យ៉ាន់ មាន ភេទប្រុស, ឈ្មោះ ឃុត ដារ៉ុង ភេទប្រុស, ឈ្មោះ រ៉ុង វាសនា ភេទប្រុស, ឈ្មោះ យ៉ាន់ មុំ ភេទស្រី, ឈ្មោះ ឃឿត កញ្ញា ភេទស្រី និងឈ្មោះ សុំរ៉ូឌី រួមក្លាង ភេទស្រី (ជនជាតិថៃ)។

នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតបានគ្រឿងញៀន ជាច្រើនប្រភេទ រួមមាន៖មេតំហ្វេតាមីន អាយ ហៅ ម៉ាទឹកកក ចំនួន ៤ដុំ មានទម្ងន់ ៩៨០,៤២ក្រាម, WY ប្រភេទគ្រាប់ ចំនួន ៤ដុំ មាន ៨០៧២គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន, កាំភ្លើងខ្លី ម៉ាក G-Lock ចំនួន ១ដើម មានគ្រាប់ ៩៨គ្រាប់ និងរថយន្ត ចំនួន ០៥គ្រឿង។

ក្រោយពីពិនិត្យភស្តុតាង និងផ្អែកលើរបាយការណ៍សំយោគរបស់សមត្ថកិច្ច លោក តេង សាម៉ៃ ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់លើជនសង្ស័យចំនួន ៦នាក់ រួមមាន៖ ឈ្មោះ តេង ផូង ភេទប្រុស, ឈ្មោះ យ៉ាន់ មាន ភេទប្រុស, ឈ្មោះ ឃុត ដារ៉ុង ភេទប្រុស, ឈ្មោះ យ៉ាន់ មុំ ភេទស្រី និងឈ្មោះ ស្រេង ព្រំស៊ិរិទ្ធី ហៅ ស្រេង រិទ្ធី ហៅ ធី ភេទប្រុស (រត់គេចខ្លួន) ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសន្និធិគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត។ ចំណែក ឈ្មោះ រ៉ុង វាសនា ត្រូវចោទប្រកាន់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ដោយឡែកជនសង្ស័យ ឈ្មោះ ឃឿត កញ្ញា ភេទស្រី គឺគ្រាន់តែអ្នកបម្រើនៅផ្ទះរបស់ឈ្មោះ ឃុត ដារ៉ុង (ជាប្តី) និងឈ្មោះ យ៉ាន់ មុំ (ជាប្រពន្ធ) និងជនសង្ស័យឈ្មោះ សុំរ៉ូឌី រួមក្លាង ភេទស្រី (ជនជាតិថៃ) គឺជាសង្សាររបស់ឈ្មោះ រ៉ុង វាសនា តែប៉ុណ្ណោះ ពួកគេត្រូវបានឃាត់ខ្លួននៅក្នុងរង្វង់ប្រតិបត្តិការ និងពុំមានការជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើនោះទេ ទើបតំណាងអយ្យការសម្រេចដោះលែងឲ្យមានសេរីភាពវិញ។

ក្រោយមកជនត្រូវចោទទាំង ០៦នាក់ដែលត្រូវតំណាងអយ្យការលោក តេង សាម៉ៃ បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការតាមច្បាប់ និងបញ្ជូនទៅជំនុំជម្រះដោយផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ តេង ផូង ភេទប្រុស, ឈ្មោះ យ៉ាន់ មាន ភេទប្រុស, ឈ្មោះ ឃុត ដារ៉ុង ភេទប្រុស, ឈ្មោះ យ៉ាន់ មុំ ភេទស្រី និងឈ្មោះ ស្រេង ព្រំស៊ិរិទ្ធី ហៅ ស្រេង រិទ្ធី ហៅ ធី ភេទប្រុស (រត់គេចខ្លួន) ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ពី ២២ឆ្នាំ ទៅ ២៥ឆ្នាំ និងពិន័យជាប្រាក់ពី ចំនួន ៤០លានរៀល ទៅ ៥០លានរៀល ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសន្និធិគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត។

ចំណែក ឈ្មោះ រ៉ុង វាសនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ព្យួរធម្មតា ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

អ្នកនាំពាក្យ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានច្រានចោលទាំងស្រុងនៅការ ប្តឹង និងចុះផ្សាយថា ឈ្មោះ ផេង អិ និងប្រពន្ធឈ្មោះ ថោង រដ្ឋា បានឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយលោក បោន ប៊ិន និងមន្ត្រីតុលាការ ក្នុងការរត់ការដោះលែងក្រុមឧក្រិដ្ឋជនគ្រឿងញៀន។

អ្នកនាំពាក្យ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ទុកថា ការប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមានការចុះផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម Facebook នោះគឺជាការមួលបង្កាច់ ទម្លាក់កំហុស ដោយទុច្ចរិត ក្នុងគោលបំណងឲ្យសាធារណជនមានការយល់ច្រឡំលើការអនុវត្តច្បាប់ របស់មន្ត្រី ដែលនេះជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កិត្តិយស របស់មន្ត្រីអនុវត្តច្បាប់ និងបុគ្គលផ្សេងទៀត៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ៖