ឆក់ទូរសព្ទ័ដៃបានតែរត់មិនរួចពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់ បានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋដេញតាមចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច
ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង០១រសៀលថ្ងៃទី ១៩ខែមិថុនាឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងមុខហាងkk ភូមិតា ងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សុខ វីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមផ្លូវរថភ្លើងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ ដោយឡែកជនរងគ្រោះ ឈ្មោះ សួង ចិន្តា ភេទស្រី អាយុ២១ឆ្នាំ មុខរបរ ជានិស្សិតសាលា ISL ឆ្នាំទី២ មានទីលំនៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បើតាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូយកបាយ ឲ្យបងស្រីរបស់នាង ធ្វើការនៅក្នុងហាងKK ចំណុចកើតហេតុ ខណៈទៅដល់អង្គុយលើម៉ូតូ បានទូរស័ព្ទហៅបងស្រីមកទទួលយកបាយ ពេលកំពុងកាន់ទូរស័ព្ទ IPhone 6 Plus នៅនឹងដៃ ស្រាប់តែជនសង្ស័យខាងលើ បានដើរមកពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទ រត់គេចសំដៅទៅរកម៉ូតូមួយគ្រឿង នៅរងចាំកែងផ្លូវម្ខាង ដែលគេសង្ស័យជាបក្ខពួក តែត្រូវបងប្អូនប្រជាពលរដ្ឋឃើញស្រែកផ្អើលដេញចាប់បានធ្វើឲ្យ ជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចខ្លួនទៅបាត់ សល់តែជនសង្ស័យ ដែលជាអ្នកធ្វើ សកម្មភាពឆក់រួចរត់តែពលរដ្ឋព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចដកហូតបានទូរស័ព្ទមកវិញ ។
ចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថាគេពិតជាមានគ្នា២នាក់មែន តែម្នាក់ទៀតរត់ទៅបាត់ គ្រាន់តែស្គាល់គ្នាតាមផ្លូវទេ មិនស្គាល់ឈ្មោះឡើយ ជាអ្នកឌុបរូបគេមកធ្វើ សកម្មភាពឆក់តែប៉ុណ្ណោះ ។
ក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់ ៕