លោក ហ៊ុន ម៉ាណែត៖ ការប្រឆាំងដាច់ខាត ចំពោះជនណាឬសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញភាពសុខសាន្ត របស់ប្រជាពលរដ្ឋខ្មែរ គឺជាភារកិច្ចរបស់យើង ជាកងកម្លាំងប្រដាប់អាវុធ!
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ ពេទ្យសង្គ្រោះ និងបណ្តុះបណ្តាលជំនាញបើកបររថយន្ត កងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងឪកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បានថ្លែងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ ដែលត្រូវដំណើរការជាប់ជាប្រចាំឥតអាក់ខានបាន ដើម្បីអភិវឌ្ឍសមត្ថភាពវិជា្ជជីវៈយោធិន និងកសាងជួរកងកម្លាំងបន្តវេន ឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។
លោកមេបញ្ជាការ បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ច នៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង»។
ក្នុងនាមជាកងទ័ព តួនាទីភារកិច្ចរបស់យើង គឺការពារជាតិប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញបូរណភាពទឹកដី សុខសន្តិភាពរបស់ប្រទេស និងភាពសុខសាន្តរបស់ប្រជាជន។ ការប្រឆាំងដាច់ខាត ចំពោះជនណាឬសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញភាពសុខសាន្ត របស់ប្រជាពលរដ្ឋខ្មែរ គឺជាភារកិច្ចរបស់យើង ជាកងកម្លាំងប្រដាប់អាវុធ៕