Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឈាមស្រែក ឃាតកវ័យក្មេងសម្លាប់ជនជាតិម៉ាឡេសុីត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ស្វាយរៀងៈ ជនសង្ស័យជាឃាតកវ័យក្មេងវាយសម្លាប់ជន ជាតិម៉ាឡេស៊ីម្នាក់នៅក្នុងបន្ទប់ទឹកមួយកន្លែង នៅក្នុងផ្សាររាត្រីក្រុងបាវិត ដោយខឹងគំនិងជនរងគ្រោះកន្លងមក ធ្លាប់យកជើងដាក់លើក្បាលជនសង្ស័យ (សូមបញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះដេកលើបង់ក្នុងបន្ទប់ទឹក នៅក្នុងផ្សាររាត្រីទាំង២នាក់) ហើយនៅថ្ងៃកើតហេតុដោយជនសង្ស័យស្ពឹកជើង ក៏លោតកន្ត្រំជើងធ្វើឲ្យរំខានដល់ជនរងគ្រោះកំពុងតែដេក ក៏ស្ទុះមកក្នុងដៃមិនដឹងថា កាន់ប៊ិចឬកាំបិតនោះទេ ទើបធ្វើឲ្យជនសង្ស័យរត់ចេញក្រៅទាញ យកបានឈើជ្រុងមួយដើម វាយទៅលើជនរងគ្រោះ៣ ឈើជ្រុង បណ្តាលឲ្យជនរងគ្រោះដួលដេកស្លាប់ក្នុងថ្លុងឈាម យ៉ាងអាណោចអាធ័ម។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានដើរសំដៅទៅម្តុំវត្តតាឡុក និងបន្តគេចខ្លួនទៅស្នាក់នៅបន្ទប់លេខ២១៨ អាគា ស្នាក់នៅរបស់បុគ្គលិកក្នុងកាស៊ីណូ ហ្គូដឡាក់ ជាបន្ទប់របស់មិត្តភក្តិ គឺសុំមិត្តភក្តិស្នាក់នៅរងចាំរកការងារធ្វើ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីពលរដ្ឋថា មានមនុស្សស្លាប់ក្នុងបន្ទប់ទឹកខាងលើ កម្លាំងកងរាជអាវុធហត្ថ បានចុះទៅដល់ កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញា។
ប្រភពខាងលើបានបន្តទៀតថា ក្រោយពីទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវឆែកតាមកាមេរ៉ាសុវត្ថិភាពឃើញសកម្មភាព និងជនសង្ស័យរហូតឈានដល់កំណត់មុខ សញ្ញា និងឈានដល់បន្ទប់ស្នាក់នៅរបស់ជនសង្ស័យខាងលើ ឆែករកឃើញសំបុត្រកំណើត សៀវភៅគ្រួសារ ជាលទ្ធផល កម្លាំងជំនាញបានកំណាត់មុខសញ្ញាជនសង្ស័យ និងឃាតខ្លួនបាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ស្នាក់នៅខាងលើ។

សូមបញ្ជាក់ផងដែរថា កាលវេលាម៉ោង២៖៣២នាទី​ទៀប​ភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង ពលរដ្ឋបានប្រទះឃើញបុរសជនជាតិម៉ាឡេស៊ីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម។ សមត្ថកិច្ចបានឲ្យដឹងថា មានករណី​ឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានវាយសម្លាប់​ឈ្មោះ ខាសេន​ ស៊ិនគា​សេង (CARSEN TION KAI SENG) ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរ មិនពិតប្រាកដ​ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។ ចំណែកជនសង្ស័យមានឈ្មោះ សៀម ឆៃដែន ហៅ ព្រំឆៃដែន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពុងត្របែក ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាម និតិវិធីច្បាប់ ៕