ផ្ទុះធុងអុកសុីសែនឆេះរថយន្តសង្គ្រោះមន្ទីរពេទ្យលោកសង្ឃ០៣គ្រឿងនិងបុរសម្នាក់របួសធ្ងន់
ភ្នំពេញ៖ យ៉ាងហោចណាស់រថយន្តសង្គ្រោះ បន្ទាន់ របស់មន្ទីរពេទ្យព្រះកុសុមៈ (ហៅ) លោកសង្ឃ រងការខូចខាតនិងមនុស្សម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីផ្ទុះធុងអុកសុីសែន ឆាបឆេះសន្ធោសន្ធៅ ហេតុការណ៍នេះបាន បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនិងអ្នកជំងឺ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៩ នៅចំណុចអគារមន្ទីរពេទ្យលោកសង្ឃ តាមបណ្ដោយផ្លូវ១៥០ ក្រុម៣៦ ភូមិ១២សង្កាត់ទឹកល្អក់២ ខណ្ទទួលគោក។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ក្រុមគ្រួពេទ្យបាន ប្តូរបំពង់ហ្គាសអុកស៊ីសែនរថយន្តសង្គ្រោះបន្ទាន់ដើម្បី ដឹកអ្នកជំងឺចេញពីមន្ទីរពេទ្យទៅតាមខេត្ត។
ប្រភពបានបន្តថា បន្ទាប់ពីធ្វើការប្តូរហើយ ក្រុមគ្រួពេទ្យក៏ដើរចូលទៅក្នុងមន្ទីរពេទ្យដើម្បីលើកអ្នកជំងឺមកដាក់ក្នុងរថយន្ត តែមិនទាន់បានដាក់អ្នកជំងឺឡើងផង ស្រាប់តែផ្ទុះបំពង់ហ្គាស អុកស៊ីសែន បង្កជាអណ្តាតភ្លើងឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងមក អន្តរាគមន៍បាញ់ទឹកពន្តត់អោយរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង០៥និង២០នាទី ថ្ងៃដដែល ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍ផ្ទុះធុងអុកសុីសែន បង្កជាអគ្គីភ័យនេះបានធ្វើអោយបុរសម្នាក់រងរបួសពេញខ្លួន និងរថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿងរបស់មន្ទីរពេទ្យបានរងការខូចខាត ៕