អាវុធហត្ថឃាត់ខ្លួនជនជាតិវៀតណាមម្នាក់រួមនិងកាំភ្លើង AK៤៧ ១ដើម
ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់រួមនិងកាំភ្លើងAK47១ដើម
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង២ ៖១០ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានរាយការណ៍ថា នៅចំណុចខាងលើ មានករណីរក្សាទុកអាវុធខុសច្បាប់នោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ញាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាជនជាតិវៀតណាមដែលមានឈ្មោះ ទ្រឿង មិញថុង អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថាកាំភ្លើងនេះ គេទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅក្រុងបាវិត។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទី១៖ កាំភ្លើងAK47 មួយដើម, ទី២៖ បង់ចំនួន២បង់, ទី៣៖ គ្រាប់៥៦គ្រាប់, ទី៤៖ សឺមែល១, ទី៥៖ សាងសម្រាប់ដាក់គ្រាប់១ខ្សែ, ទី៦៖ ពិល១, ទី៧៖ ឡាស៊ែដាក់ជាប់កាំភ្លើង១ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្សយ័ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕