ឃាត់ខ្លួនស្ត្រីម្នាក់ បន្លំយកគ្រឿងញៀនចូលពន្ធនាគារ ខេត្តប៉ៃលិន
ប៉ៃលិន៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបង្ហាញមុខស្ត្រីជនសង្ស័យម្នាក់ បន្ទាប់ពីស្ត្រីរូបនោះបានយកគ្រឿងបរិភោគទៅឱ្យជនជាប់ឃុំ ហើយលូចបង្កប់គ្រឿងញៀននៅក្នុងអាវទ្រនាប់ ។
ការបង្ហាញមុខនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ ។
បើតាមបញ្ជាក់ពីលោក យ៉ុង សារិទ្ធិ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លោកបានរាយការណ៍ជូនលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីដឹកនាំកម្លាំង នគរបាលសហការជាមួយកម្លាំងអនុរក្សពន្ធនាគារ ខេត្តប៉ៃលិន ចុះទៅនាំខ្លួនស្រ្តីជនសង្ស័យម្នាក់ ឈ្មោះ គួង សុគាត់ ហៅស្រីពេជ្រ អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅ ភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកបន្តទៀតថា មុនឃាត់ខ្លួនជនសង្ស័យគឺមន្រ្តីអនុរក្សពន្ធនាគារ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកកICE) ១កញ្ចប់ នៅក្នុងខ្លួនស្រ្តីជនសង្ស័យ ដែលបម្រុងយកទៅឱ្យ អ្នកទោសដែលជាប់ក្នុងពន្ធនាគារខេត្តប៉ៃលិន ដើម្បីចែកចាយជួញដូរ និងប្រើប្រាស់ បន្តក្នុងពន្ធនាគារ។ ក្រោយឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបាននាំយកទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ត ៕