សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួល ខ្សឹកខ្សួល ជាអនេកប្បកា បន្ទាប់ពីទទួលដំណឹងថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទទួលព្រះអនិច្ចធម្ម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួល ខ្សឹកខ្សួល ជាអនេកប្បកា បន្ទាប់ពីទទួលដំណឹងថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទទួលព្រះអនិច្ចធម្ម (សុគត)
នៅក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា ការទទួលព្រះអនិច្ចធម្មរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ គឺជាការបាត់បង់សមាណសង្ឃជាពហុស្សូតដ៏ឆ្នើមបំផុតក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងជាព្រះកវីនិពន្ធពោរពេញដោយព្រះពុទ្ធិជ្រៅជ្រះ ជាពិសេសសម្តេចព្រះធម្មលិខិត លាស់ ឡាយ បានបន្សល់នូវស្នាព្រះហស្ថច្រើនឥតគណនាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ និងរួមចំណែកព្រះបរិច្ចាគ ទ្រទ្រង់ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជាដោយព្រះសទ្ធាជ្រះថ្លាបរិសុទ្ធទៀតផង ។
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវន្ទាឧន្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះធម្មលិខិត លាស់ ឡាយ យាងនិមន្តសោយសុខក្នុងសុគតិភពកុំបីឃ្លាតក្លាយទៅជាបការៈដទៃឡើយ ។
សូមជម្រាបថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាសង្ឃនៃព្រះពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា បានទទួលព្រះអនិច្ចធម្ម នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០១៩ ដោយព្រះរាជរោគាពាធ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា នៅវត្តសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្តកណ្តាល។ បិតានាម ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ៕