បត់រថយន្តឆ្លងផ្លូវលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូផ្លោងបុរសម្នាក់បោកនឹងខឿនផ្លូវបែកក្បាលស្លាប់
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្ត បត់ឆ្លងផ្លូវលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់បណ្តាលឲ្យផ្លោងជិត១០ម៉ែត្រទៅបោកនឹងខឿនផ្លូវបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈាន ចូលថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩នៅចំណុចមុខក្រុមហ៊ុន លក់រថយន្តតូយូតា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
សពជនរងគ្រោះមានឈ្មោះ លៀង លីហុង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរដឹកឥវ៉ាន់ស្នាក់នៅក្នុងបុរីចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ឡិចសុីសRX-300មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-5652 បើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបាន បត់ឆ្វេងឆ្លងទៅផ្លូវបេតុងម្ខាងទៀតក្នុងល្បឿនយ៉ាងលឿនមិនប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW-9959ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យជនគ្រោះផ្លោងជិត១០ម៉ែត្រទៅបោកនិងខឿនផ្លូវបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌។ បន្ទាប់ពីកើតភ្លាមៗ ម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕