Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម ខៀវ កញារីទ្ធអះអាងថា អ្នកទាម​ទារ​ឱ្យបិទ Facebook របស់លោក ជាអ្នក​មិនសប្បាយចិត្តរឿងព្រំដែនជាមួយវៀតណាម

ភ្នំពេញ)៖ គណនី Facebook របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​រងការពិន័យពីក្រុមហ៊ុន​ Facebookអស់រយៈ​ពេលពីរថ្ងៃ ដោយមិនអនុញ្ញាតឱ្យបង្ហោះ ឬ​ចែកចាយព័ត៌មានអ្វីនោះឡើយ។ លោករដ្ឋមន្ត្រី បានអះអាងថា ក្រុមមនុស្សដែលបានស្នើឱ្យក្រុមហ៊ុន Facebook ដាក់ពិន័យលើគណនីរបស់លោក គឺជាក្រុមមនុស្សមិនសប្បាយចិត្តលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ ជាពិសេសជាជនដែលមិនចង់ឱ្យបង្ហាញការពិតលើបញ្ហាព្រំដែននេះ។

បន្ទាប់ពីរងការពិន័យអស់រយៈពេលពីរថ្ងៃនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន Facebook បានដកការពិន័យនេះចេញវិញហើយ ក្រោយការតវ៉ារបស់លោករដ្ឋមន្ត្រីទៅកាន់ក្រុមហ៊ុនផ្ទាល់។ លោករដ្ឋមន្ត្រី បានអះអាងថា គណនី Facebook របស់លោកត្រូវបានក្រុមហ៊ុន Facebook ពិន័យចំនួនពីរលើកមកហើយ។

លើកទី១កើតមានឡើងកាលពីឆ្នាំ២០១៣ នៅក្រោយពេលការប្រកាសលទ្ធផលបោះឆ្នោតជាតិ។ លោករដ្ឋមន្ត្រីបានរំលឹកថា កាលណោះក្រោយពីលោកបានបង្ហោះពីលទ្ធផលបោះឆ្នោតអតីតគណបក្សសង្គ្រោះជាតិបាន ៥៥អាសនៈ ហើយគណបក្សប្រជាជនបាន ៦៨អាសនៈ ក៏មានក្រុមមិនសប្បាយចិត្តលើលទ្ធផលនាំគ្នាប្តឹង (Report) ទៅក្រុមហ៊ុន Facebook រហូត Facebook របស់លោករងពិន័យ។ កាលណោះលោករដ្ឋមន្ត្រី មិនបានតវ៉ាទៅក្រុមហ៊ុន Facebook នោះទេ ហើយក៏សម្រេចបង្កើតគណនី Facebook ថ្មី និងប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។

សម្រាប់ការពិន័យជាលើកទីពីររបស់ក្រុមហ៊ុន Facebook នាពេលថ្មីៗនេះ កើតមានឡើងបន្ទាប់លោករដ្ឋមន្ត្រី បានរៀបចំវីដេអីឃ្លីបចំនួន៧ពន្យល់ពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។ វីដេអូទាំង៧នោះ រួមមានវីដេអូសម្តេចតេជោ ហ៊ុន សែន បកស្រាយនៅក្នុងរដ្ឋសភាកាលពីឆ្នាំ២០១២ថា ដីខ្មែរនាពេលបច្ចុប្បន្នមិនបាត់បង់នោះទេ មានតែសល់ច្រើនជាងមុន និងវីដេអូពន្យល់ពីការបាត់បង់កោះត្រល់ជាដើម។

បើទោះបីជាយ៉ាងណាក្រោយការតវ៉ាទៅក្រុមហ៊ុន Facebook ផ្ទាល់ គណនីរបស់លោករដ្ឋមន្ត្រីត្រូវបានដកការពិន័យវិញហើយ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអរគុណក្រុមហ៊ុន Facebook ដែលបានសហការដោះស្រាយតាមសំណើរបស់លោកឱ្យដំណើរការជាធម្មតាឡើងវិញ។

លោក ខៀវ កាញារីទ្ធ បានអះអាងដែរថា លោកស្នើទៅក្រុម ហ៊ុន Facebook ដើ ម្បីលុបចោលគណនី Facebook ទាំងឡាយដែលប្រើឈ្មោះរបស់លោក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នរូបលោកមានតែគណនីពីរប៉ុណ្ណោះ គឺមានឈ្មោះថា Kanharith Khieu និងឈ្មោះ Kanharith (Page)។ ឯកឧត្តម ខៀវ កាញារីទ្ធ បានអះអាងថា គណនី Facebook របស់លោកមានប្រជាប្រិយ និងមានការទុកចិត្តខ្ពស់ ព្រោះព័ត៌មានដែលលោកបញ្ចេញជាព័ត៌មានពិត និងផ្លូវការ៕