អ្នកលក់ផលិតផលតាមOnlineម្នាក់បង្ហោះFacebookចោទប្រកាន់ មេធាវី កេត គន្ធាបុប្ផា និងប្អូនប្រុស ថាឆបោកលុយជិត ៣០ម៉ឺនដុល្លារ
(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានស្ត្រីម្នាក់ដែលគេស្គាល់ថា ជាថៅកែលក់ផលិតផល Online ម្នាក់ឈ្មោះ អ៊ាន សៀវម៉ី បានប្រើគណនី Facebook ឈ្មោះ Siv mey Online Shop បង្ហោះសារភ្ជាប់ជាមួយរូបថតផង ដោយចោទប្រកាន់ថា លោកស្រីមេធាវី កេត គន្ធាបុប្ផា និងប្អូនប្រុសឈ្មោះ កេត កត្តញូតា បានរួមគំនិតគ្នាបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce សេរីឆ្នាំ2019 ចំនួន២៥២,០០០ដុល្លារសហរដ្ឋអាមេរិក។
យោងតាមគណនី Facebook ឈ្មោះ Siv mey Online Shop បានបង្ហោះថា «ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ..! សូមប្រុងប្រយត័្នចំពោះ ជនទាំងពីរនាក់បងប្អូនបង្កើតនេះផង ពីរនាក់នេះបានរួមគំនិតគ្នាបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce 2019ចំនួន ២៥២០០០$។ ដោយទុកចិត្ត ជឿជាក់លើមនុស្សរាប់អានគ្នានាំទៅទិញរថយន្តពី ជនឆរបោកឈ្មោះ កេត កត្តញូតា និង បងស្រីវា ឈ្មោះ កេត គន្ធាបុផ្ផា ជាមេធាវីទៀតបានបោះត្រាធានាដឹងលឺកិច្ចសន្យារខាងលើនេះ….តែដល់ថ្ងៃកំណត់ រថយន្ត ក៏មិនមាន សុំប្រាក់កក់វិញក៏មិនមាន ហើយខាងខ្ញុំទុកឱកាសអោយច្រើនដងហើយ រយលានសន្យាមកដល់ពេលនេះគឺជិតប្រាំខែហើយ។ ឥលូវនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ …។ សូមបងប្អូនជួយស៊ែរបន្តផង ដើម្បីកុំអោយជនឆរបោកទាំងពីរនាក់នេះមកដើរបោកប្រាស់គេបន្តទៀត សូមអរគុណ។»
ជុំវិញករណីនេះ លោកស្រីមេធាវី កេត គន្ធាបុប្ផា បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា លោកស្រីសុំសិទ្ធិមិនបកស្រាយចំពោះការចោទប្រកាន់របស់អ្នកណាឡើយ ដោយរងចាំបញ្ជាក់ជូននាពេលក្រោយ។
លោកស្រីមេធាវី កេត គន្ធាបុប្ផា បានមានប្រសាសន៍ថា «ខ្ញុំ អរគុណដែលបងខាងសារព័ត៌មាន ខលមកសុំការបញ្ជាក់ពីខ្ញុំ ប៉ុន្តែខ្ញុំសូមជម្រាបថា នៅពេលនេះខ្ញុំ សុំមិនទាន់បកស្រាយអ្វីទាំងអស់ ដោយរងចាំបំភ្លឺជាផ្លូវការនាពេលក្រោយ។ ចំពោះរឿងគេចោទប្រកាន់ខ្ញុំ ជាសិទ្ធិសេរីភាពរបស់គេ ហើយបើគេធ្វើហួសពីសិទ្ធិសេរីភាពរបស់គេ ក៏ធ្វើទៅ ចំណែកខ្ញុំក៏មានសិទ្ធិ និងវិជ្ជាជីវៈរបស់ខ្ញុំដែរ។»
បើយោងតាមឯកសារកិច្ចព្រមព្រៀង ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ រវាងឈ្មោះ អ៊ាន សៀវម៉ី ជាភាគីអ្នកទិញ និងឈ្មោះ កេត កតញូតា ជាភាគីអ្នកលក់ គឺមានលោកស្រីមេធាវី កេត គន្ធាបុប្ផា ជាអ្នកប្រថាប់ត្រា បានឃើញ និងបញ្ជាក់ជាសាក្សី ៕