ខ្លាំងមែនគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍ដកកាំភ្លើងគំរាមបាញ់សមត្ថកិច្ចទៀត
ភ្នំពេញ៖ ហួសចិត្តបុរសម្នាក់បើករថយន្តសេរីទំនើបទៅបុកគូទរថយន្តគេចតស្ងៀម ហើយរករឿង និងដកកាំភ្លើងគំរាមសមត្ថកិច្ច ក៏ដូចជាអ្នកចោមរោមមើលបង្កការភ្ញាក់ផ្អើលពេញខណ្ឌចំការមន
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា ម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅ តាមបណ្ដោយផ្លូវ៤៨៨ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9766 ក្នុងស្ថានភាពស្រវឹងជោគ ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៨៨ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូទរថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914 ដែលម្ចាស់ចតទុកស្ងៀម។ លុះពេលសមត្ថកិច្ចចូលទៅសួរនាំ បែរជាបុរសបើករថយន្តបង្កដកកាំភ្លើងភ្ជង់គំរាមបាញ់មកលើសមត្ថកិច្ច ស្របពេលនោះ ដោយសារសមត្ថកិច្ចមិនហ៊ានចូលជិត ជនបង្កក៏បើករថយន្តបំណងគេចខ្លួនរហូតដល់ផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ក្បែរផ្សារទួលទំពូង ទើបផ្អើលអស់សមត្ថកិច្ចខណ្ឌចំការមន អន្តរាគមន៍ឡោមព័ទ្ធចាប់ជនបង្កបាន និងដកហូតកាំភ្លើងខ្លីមួយដើម។
រហូតមកទល់ព្រឹកនេះ នៅមិនទាន់មានការអះអាងបញ្ជាក់ពីសមត្ថកិច្ចជុំវិញរឿងរ៉ាងខាងលើនេះឡើយទេហើយអត្តសញ្ញាណរបស់ជនបង្ក ក៏មិនត្រូវបានទម្លាយឲ្យដឹងដែរ។ គេបានត្រឹមដាក់ការសង្ស័យថា ជនបង្កអាចជាសមត្ថកិច្ច ព្រោះមានកាំភ្លើង ហើយគេប្រទះឃើញមានប័ណ្ណសម្គាល់ក្រសួងមហាផ្ទៃ នៅលើរថយន្តបង្កហេតុ។ ដោយឡែក ភាគី រថយន្តព្រូស មានម្ចាស់ឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ៕