Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចាំមើលវាសនា​ លោក​ ម៉ាន់​ ដេវិដ​ អាចជាប់ទោសទាន់​ ដែរឬទេ! ខណៈ​ ដែលនាយឧត្តមសេនីយ៍ សៅ សុខា​ បញ្ជាឲ្យស្រាវជ្រាវឈ្មោះ​ ម៉ាន់ដេវិដ​ ដែលគំរាមបាញ់​ សម្លាប់អ្នកកក់ឆ្នោតវៀតណាម

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មួយរយៈ​ពេល២ទៅ​៣ថ្ងៃកន្លងទៅនេះ មាន​ក្រុមមនុស្សមានគ្នា៦ទៅ៧នាក់ ដែលគេស្គាល់ថាជាក្រុមអ្នកកាងឆ្នោតវៀតណាម​ ដែល​មានរហ័សនាម«888» បាននាំគ្នាមក​និយាយបញ្ជុះបញ្ជូល លួងលោម បុរសម្នាក់​ដែលជាអាជីវករកត់ឆ្នោតវៀតណាម​ ឲ្យមកកត់ឆ្នោតឲ្យក្រុមខ្លួនវិញ ប៉ុន្តែការបញ្ជុះ​បញ្ជូល​និងបង្ខំនោះត្រូវបុរសនោះ​បដិសេធ​មិនកត់ឲ្យ ក៏ត្រូវពួកគេប្រើអំពើហិង្សាវាយ និងដកកាំភ្លើងខ្លីអាមេបញ្ជូលគ្រាប់គំរាមបាញ់​សម្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្លុកតូបជួលទល់មុខផ្សារកំបូលពិភពថ្មី ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។

ប្រភពពីពលរដ្ឋរងគ្រោះបានបន្តថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម​«888» បានអួតខ្លួនថាជាជំនួយការអ្នកធំឲ្យអ្នកកត់ឆ្នោត ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន តែដោយសាមីខ្លួន(ជនរងគ្រោះ)មិនព្រមកត់ឲ្យ ស្រាប់តែក្រុមខាងលើដឹកនាំដោយបុរសជាជនសង្ស័យមានឈ្មោះ ម៉ាន់ ដេវិដ ជិះរថយន្តឡិចស៊ីសសេរីទំនើបពាក់​ស្លាកលេខ(ខម2-8107) និងគ្នីគ្នា៦ទៅ ៧នាក់ មានរថយន្តភិកអាប់ ពណ៌ស ពាក់​ស្លាកលេខ(ខម2-0178) មកសម្លុតចាប់រូបគាត់ ។ មិនតែប៉ុណ្ណោះបានចូលដល់ក្នុងតូប​របស់គាត់ រួចប្រើហិង្សាវាយ និងថែមទាំង​ដកកាំភ្លើងអាមេបញ្ជូលគ្រាប់ភ្ជង់គំរាមបាញ់សម្លាប់ចោលបើមិនព្រមកត់ឆ្នោតឲ្យពួកខ្លួន រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្សេងទៀតនាំគ្នាចោមរោមមើល ទើបក្រុមជនសង្ស័យទាំងនោះនាំគ្នាជិះរថយន្តចេញទៅបាត់អស់។

ពលរដ្ឋរងគ្រោះ បានបញ្ជាក់ទៀតថា ក្នុងចំណោមបក្ខពួកជនសង្ស័យ មានបុរសម្នាក់ឈ្មោះ ម៉ាន់ ដេវិដ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្នុងក្រុមការងារ​សមាគមសហសង្គ្រោះអាវុធហត្ថទៀតផង ។

ពាក់ព័ន្ធករណីខាងលើនេះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាឲ្យអភិបាលរងម្នាក់ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ​ ភ្លាមៗផងដែរ ប៉ុន្តែក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម​«888» បានចាក់ចេញទៅបាត់មុនពេល​ដែលអាជ្ញាធរចុះទៅដល់ ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីករណីខាងលើនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាអោយក្រុមអធិការកិច្ច ស្រាវជ្រាវករណីឈ្មោះ ម៉ាន់ ដេវិដ សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដកកាំភ្លើងភ្ជង់គំរាមបាញ់​ ពលរដ្ឋបែបនេះ​ ។

ប្រជាពលរដ្ឋដែលរងគ្រោះនៅតែ​ ទទួចសុំ​អោយ​ លោក​ សៅ​ សុខា​ អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាមាន​វិធាន​ចំពោះមនុស្សមួយក្រុមនេះ ដើម្បីរក​យុត្តិធម៌​ ជួនគាត់ជាជនរងគ្រោះផង ។

សូមបញ្ជាក់ថា​ ជុំវិញករណីការចោទប្រកាន់​ទៅលើបុរសឈ្មោះ ម៉ាន់ ដេវិដ ដែល​ពល​រដ្ឋ​​រងគ្រោះអះអាងថាជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នោះរហូតមកដល់ពេល​នេះ​ អង្គភាពសារព័ត៌មាន (កោះប៉ែន)​ នៅតែ​មិន​ទំនាក់ទំនងបាននៅឡើយទេ​ ព្រោះគ្មានលេខទូរស័ព្ទ ។​ អង្គភាពរងចាំបំភ្លឺគ្រាប់ពេល​វេលា​ ៕