Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញជម្រុញឱ្យក្រុមការងារ គ្រប់ផ្នែកសម្រុកធ្វើការងារឱ្យបានរួចរាល់តាមផែនការក្នុងឱកាសបុណ្យជាតិធំៗជាប់គ្នានេះ

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានជម្រុញឱ្យក្រុមការងារនិងមន្រ្តីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញសម្រុកបង្ហើយការងាររបស់ខ្លួនដែលនៅសេសសល់បន្តិចបន្តួចឱ្យបានរួចរាល់ទាំងស្រុងនៅថ្ងៃនេះព្រោះថាបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩ឈានជិតមកដល់ហើយ។រាជធានីភ្នំពេញត្រូវតែស្រស់ស្អាតជាងឆ្នាំកន្លងទៅដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទី។

ការជម្រុញបែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកាក្នុងកិច្ចប្រជុំមួយជាមួយកម្លាំងមានសមត្ថកិច្ចអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួននៅសាលារាជធានីភ្នំពេញ។

លោកឃួងស្រេងបានមានប្រសាសន៍ថាគ្រប់ភាគីពាក់ព័ន្ធត្រូវសម្រុកពន្លឿនការកែលម្អសោភណ័ភាពនិងហេដ្ឋរចនាសម្ព័ន្ធនានាដែលនៅសេសសល់ឆ្ពោះទៅរៀបចំព្រះរាជពិធីអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងឆ្នាំ២០១៩នេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើននិងមានភាពអធិកអធម។

ជាងនេះទៅទៀតលោកអភិបាលក៏បានសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បំផុតលើបញ្ហាសំរាមទាំងការរៀបចំទុកដាក់ការផ្សព្វផ្សាយអប់រំពីការវេចខ្ចប់ការពង្រាយធុងឬកញ្ឆេសំរាមការប្រមូលសំរាមចេញពីបរិវេណពិធីនិងកន្លែងសប្បាយភាពនានាត្រូវតែធានាឱ្យបានទាន់ពេលវេលានិងល្អបំផុត។

លោកអភិបាលរាជធានីបានសុំឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់និងទុកដាក់សំរាមតាមធុងឬកញ្ឆេសំរាមឱ្យបានត្រឹមត្រូវដើម្បីសោភណ្ឌភាពរាធានីរបស់យើង។

ពាក់ព័ន្ធដល់ការតុបតែងនិងការត្រៀមលក្ខណៈសម្បត្តិក្នុងពិធីបុណ្យធំៗខាងលើនេះលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថាមកដល់ពេលនេះសម្រេចបាន៩៥ភាគរយហើយមន្រ្តីជំនាញនៃមន្ទីរសាធារណការសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានធ្វើសកម្មភាពកែលម្អរសោភណ័ភាពបរិស្ថាននៅក្នុងតំបន់បរិវេណកន្លែងប្រារព្វព្រះរាជពិធីកែលម្អរសួនច្បារសាធារណៈភ្លើងបំភ្លឺចម្រុះពណ៌ឲ្យកាន់តែភ្លឺច្បាស់និងស្អាតជាងមុនរួមទំាងការស្ថាបនាបង្គន់អនាម័យសាធារណៈជាច្រើនកន្លែងដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិអន្តរជាតិបានប្រើប្រាស់ដោយសេរីមិនគិតតម្លៃសេវាអ្វីឡើយជាពិសេសបានធ្វើបង្គន់អនាម័យតទឹកភ្លើងជូនដល់កីឡាករអ៊ុំទូកគ្រប់កន្លែងស្នាក់នៅក្នុងតំបន់អូស៊ីអាយស៊ី។បន្ថែមពីនេះការ តុបតែងរបាកាត់ទន្ទឹងផ្លូវដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងព្រះពិធីបុណ្យអុំទូកនៅទីតំាងសំខាន់ៗចំនួន៤កន្លែងដូចជានៅតំបន់រម្មណីយដ្ឋានវត្តភ្នំមហាវិថីព្រះនរោត្តមខាងជើងវិមានឯករាជ្យលើផ្លូវព្រះស៊ីសុវត្ថិនិងក្បែររង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត។

លោកឃួងស្រេងបានបន្ថែមថាគ្រប់ដើមឈើធំៗនៅតាមដងមហាវិថីវិថីនិងផ្លូវសំខាន់ៗជាច្រើនត្រូវបានតុងតែងភ្លើងពណ៌និងលាបថ្នាំស្ទើរួចរាល់ទាំងស្រុង។នៅតាមសួនច្បារនិមួយៗមានព័ទ្ធខ្សែជុំវិញដើម្បីការពារសោភណ្ឌភាពសម្រស់នៃសួនច្បារទាំងនោះ។

សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកសម្រាប់ឆ្នាំ២០១៩នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ទី១១និងទី១២ខែវិច្ឆិកាហើយនឹងមានទូកងទូកមួងមកពីតាមបណ្តាខេត្តចូលរួមជាច្រើន។

តាមប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអុំបុកនិងសំពះព្រះខែរៀបចំឡើងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ។ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយមានការប្រណាំងទូកអុំនិងទូកចែវបុរស–នារីបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា៕