រថយន្តតាកូម៉ាបុកបុរស២នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធម៌ រួចព្យាយាមបើករត់
ភ្នំពេញ៖ យ៉ាងហោចណាស់បុរស២នាក់បានស្លាប់បាត់បង់ជីវិត គួរឲ្យរន្ធត់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តតាកូម៉ាបើកបុកអូសជាច្រើនម៉ែត្រ រួចព្យាយាមបើកគេច រហូតដល់ខណ្ឌដង្កោ ទើបកម្លាំងសមត្ថកិច្ចដេញចាប់បាន ៖ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤កែងនិងផ្លូវឌួងងៀប ចំណុចការ៉ាស់សាំង លឹម លង់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សពជនរងគ្រោះ ទី១៖ មានឈ្មោះ យិន នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរធ្វើការនៅសិប្បកម្មផលិតទឹកសុទ្ធ ផ្នែកជាងភ្លើង ស្នាក់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុក កណ្តៀង ខេត្តពោធិ៏សាត់ ។
សពជនរងគ្រោះទី២៖ មានឈ្មោះ ឃុយ ទូច ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរធ្វើការសិប្បកម្មផលិត ទឹកសុទ្ធផ្នែកវ៉ៃឡាំង ស្នាក់នៅជិតកន្លែងធ្វើការមានស្រុកកំណើតនៅ ខេត្តព្រះវិហារ ។
យោងតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វេវ ពណ៌ខ្មៅគ្មានស្លាកលេខឌុបគ្នាចេញពីកន្លែងធ្វើការ ជិះតាមបណ្តោយផ្លូវ ឌួងងៀបទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួន ក៏បានជិះឆ្លង ខណៈកំពុងតែឆ្លងស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស បើក បុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ទិសដៅពីលិចទៅកើតក្នុងល្បឿន យ៉ាងលឿន មិនបានប្រុងប្រយត្ន័ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹងយកទីមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះតែជាអកុសលដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជួនទៅដល់មន្ទីរពេទ្យ លោកសង្ឃ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមក វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជួនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕