អាណិតណាស់!!កូនស្រីសតិមិនគ្រប់យកភ្លើងដុតផ្ទះម្តាយឆេះខ្ទេចគ្មានសល់
កំពង់ធំ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធូសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចេញរថយន្តពន្លត់ អគ្គីភ័យ ជួយអន្តរាគមន៍ បាញ់ពន្លត់ ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាពេល កើតហេតុ ម្ចាស់មិននៅផ្ទះបានបិទទ្វារចោល ស្រាប់តែកូនស្រីដែល មានសតិមិនគ្រប់បានយកភ្លើងដុតជញ្ជាំងផ្ទះផ្នែកខាងក្រោយរួចដើរចេញបាត់បណ្ដាលអោយ ឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកទឹកជួយជះពន្លត់តែមិនរលត់ ។
ប្រភពបានបន្តថា ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចេញ រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ អស់ទឹក២ឡានទើបរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ជាង១១ព្រឹកថ្ងៃ ដដែល ។ តែជាអកុសលផ្ទះជនរងគ្រោះមួយខ្នងត្រូវ បានអណ្ដាតភ្លើងលេបត្របាក់អស់ទាំងស្រុងនិងរាលដាលឆេះដល់ជញ្ជាំងផ្ទះអ្នកជិតខាងអស់មួយចំហៀងទៀត។
ប្រភពដដែលបានបន្តទៀតថា កន្លងមកកូនស្រី សតិមិនគ្រប់របស់ម្ចាស់ផ្ទះរងគ្រោះតែងតែខឹងម្តាយហើយលួចយកភ្លើ់ងដុតផ្ទះ តែត្រូវ បានអ្នកជិតខាងជួយទាន់ លុះមកដល់ព្រឹកថ្ងៃកើតហេតុស្រាប់តែលួចយកភ្លើងទៅដុតជញ្ជាំងផ្ទះ ម្ដងទៀត បណ្ដាលអោយឆេះអស់ទាំងស្រុងតែម្ដង ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ពង្ស ញ៉ាញ់ ភេទស្រី អាយុ៥៧ឆ្នាំរស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ និងម្ចាស់ផ្ទះ ដែលឆេះអស់ជញ្ជាំងមួយចំហៀងមានឈ្មោះ សៅ ទិត្យ អាយុ៧៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា កន្លែងកើតហេតុ ។ ចំណែកកូនស្រី សតិមិនគ្រប់ ឈ្មោះ ម៉ុង ញ៉ អាយុ៣៨ឆ្នាំ ។ ចំណែកទ្រព្យសម្បត្តិដែលខូចខាត រួមមាន ៖ ផ្ទះឈើមួយខ្នងឆេះអស់ទាំងស្រុង គ្រែបីតុបី ម៉ូតូសង់ការ៉េមួយគ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ៕