សង្ស័យដាក់ជ្រុលបើករថយន្ត ធ្លាក់ផ្លូវគាបជាប់ក្នុងរថយន្តរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តលឿនមិនប្រុងប្រយ័ត្នជ្រុលចង្កូតធ្លាក់ផ្លូវគាបជាប់ក្នុងរថយន្តបានប្រជាពលរដ្ឋជួយសង្គ្រោះ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាកឡិចសុីសRx300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-2313 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងខ្លាំងដោយ ធ្វើតាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មិនបានប្រុងប្រយត្ន័ ក៏ជ្រុលចង្កូតទៅបុកខឿន និងធ្លាក់ផ្លូវបណ្ដាលឲ្យគាបជាប់តៃកុងក្នុងរថយន្ត ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះ ដោយយកចេញពីរថយន្ត រួចបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុឃើញថាមិនប៉ះពាល់ដល់អ្នកដទៃនិងសម្បត្តិសាធារណៈរបស់រដ្ឋ ក៏បានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះ ឲ្យមកហៅរថយន្តស្ទូចដើម្បីស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕