កាប់កូនចុងបែកក្បាលរបួសធ្ងន់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះញាត់គុក
ពោធិសាត់៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុរសឪពុកចុង បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតកាប់កូនចុងបែកក្បាល
ហេតុការណ៍ប្រើអំពើហឹង្សាកាប់ទៅលើកូននេះបានកើតឡើងកាលពីថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៩ នៅក្នុងភូមិម៉ោយ ឃុំម៉ោយស្រុកវាលវែងខេត្តពោធិសាត់ ។
សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នេះថា ករណីឪពុកចុងកាប់ទៅលើកូនស្រីចុងនេះ កើតឡើងកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ ដោយសារតែទំនាស់ពាក្យសម្ដីបន្តិចបន្តួច តែជនដៃដល់ជាឪចុងបានយកកាំបិតកាប់ចំក្បាលកូន បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃ រហូតដល់ល្ងាចថ្ងៃដដែលទើប លបចូលមកផ្ទះវិញក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះយកមកសួរនាំតែម្ដង ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ ជឹម ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ
ចំណែកជនរងគ្រោះឈ្មោះ បុី ជិន ភេទស្រីអាយុ២៦ឆ្នាំត្រូវជាកូនចុងរបស់ជនសង្ស័យ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្រុកវាលវែង ធ្វើការសាកសួរនិង កសាងសំណុំរឿងបញ្ជួនទៅស្នងការខេត្តពោធិសាត់ ចាត់ការបន្តតាមនិតិវិធីច្បាប់៕