Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោកព្រះរាជអាជ្ញា កែវ សុធា សម្រេចដោះលែងជនសង្ស័យដែលឆបោកលុយលោក ញឹក ប៊ុនឆៃ ជាង ៧ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក កែវ សុធា ព្រះរាជអាជ្ញាអមអយ្យការសាលា​ ដំបូងរងធានីភ្នំពេញ និងជាតំណាងអយ្យការកាន់សំណុំរឿង នៅ​ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេច ដោះលែងបុរស ជាជនសង្ស័យដែលពាក់ព័ន្ធករណី ឆបោកលុយ របស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាង ៧ម៉ឺនដុល្លារ ដោយសារជនរងគ្រោះដកពាក្យបណ្ដឹង។ នេះបើយោងតាមប្រភពពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កាយ ម៉េង អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

គួររម្លឹកថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួន ជនសង្ស័យឈ្មោះ កាយ ម៉េង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ A ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ។

សូមជម្រាបថា កាលពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដាក់​ពាក្យបណ្ដឹងទៅនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ដោយប្ដឹងពីឈ្មោះ កាង ម៉េង និងបក្ខ​ពួកម្នាក់ទៀត ពាក់ព័ន្ធករណីខ្ចីលុយ តែ​ព្យាយាមគេចវេសមិនព្រមសង៕