នាយករដ្ឋមន្ត្រី៖ នៅលើពិភពលោក មានតែកម្ពុជាទេ ដែលបរទេសមកជួយហើយពេលដកត្រឡប់ទៅវិញ កម្ពុជានៅឈររឹងមាំដដែល ក្រៅពីកម្ពុជាដួលរលំទាំងអស់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រវត្តិសាស្ត្រនៅលើពិភពលោកយើងនេះ មានតែប្រទេសកម្ពុជាទេ ដែលបរទេសមកជួយហើយ ពេលគេដកជំនួយត្រឡប់ទៅវិញ កម្ពុជាយើងនៅឈររឹងមាំដដែល ដោយឡែកក្រៅពីកម្ពុជា ដួលរំលំទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសសម្តេចអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ប្រវត្តិនៅលើពិភពលោក មានតែកម្ពុជាទេដែលបរទេសមកជួយហើយ បរទេសដកត្រឡប់ទៅវិញ កម្ពុជានៅតែឈរបានដល់រាល់ថ្ងៃ។ យើងមើលវៀតណាមខាងត្បូងរបបធីវគី, អាមេរិកចូលមកជួយ ពេលដែលអាមេរិកដកចេញដួលរលំ។ លន់ នល់, អាមេរិកចូលមកជួយ អាមេរិកដកទៅវិញដួលរលំ។ អាហ្កានីស្ថាន, សូវៀតចូលមកជួយ ពេលដែលសូវៀតដកត្រឡប់មកវិញដួលរលំ ហើយប្រធានាធិបតីត្រូវគេចាប់ព្យួរក […]»។
សម្តេចមានប្រសាសន៍បន្តថា «ចំពោះកម្ពុជា, ពេលដែលវៀតណាមចូលមក ហើយវៀតណាមនៅទីនេះ ក៏នាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់វៀតណាមដកទៅវិញអស់ នៅតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ ហ៊ុន សែន បន្តដល់ថ្ងៃនេះ»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយនោះទេ ហើយថារាជរដ្ឋាភិបាល មិនចង់ឲ្យមានការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA» នោះទេ ប៉ុន្តែបើបាត់ EBA ក៏កម្ពុជានៅតែរកស៉ីបាន និងរកស៉ីដោយថ្លៃថ្នូរ ដោយគ្មានការគំរាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា រឿងបង់ពន្ធនៅអឺរ៉ុបនេះនៅឆ្នាំ២០២៥ ឬ២០២៦ គឺកម្ពុជាយើងត្រូវតែបង់ពន្ធឱ្យអរ៉ុបជាស្វ័យប្រវត្តិ ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន៕