ជនជាតិកូរ៉េម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមដីការបស់លោកព្រះរាជអាជ្ញា កែវ សុធា
ភ្នំពេញ៖ បុរជនជាតិកូរ៉េម្នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធរឿងចេញសែកគ្មានសាច់ប្រាក់។
បើតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផាក ហេយ៉ុង ភេទប្រុស ស្នាក់នៅអគារ ឌឺព្រីក(The Bridge)។
ប្រភពបានបង្ហើបថា ជនសង្ស័យឈ្មោះ ផាក ហេយ៉ុង ត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៣០៥ អយក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការដែលភាគច្រើនគេឃើញកាន់តែសំណុំរឿង ឆបោកប្រាក់ ឬចេញសែកស្អុយ។
ជនសង្ស័យឈ្មោះ ផាក ហេយ៉ុង ត្រូវឃាត់ខ្លួនពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ី ជីនលីន ( SHE JIAN LIN)។
ក្រោយសាកសួរ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នគរបាលបាននាំខ្លួនជនសង្ស័យឈ្មោះ ផាក ហេយ៉ុង ទៅស្នងការនគរបាលរាជធានីភ្នំពេញវិញ រងចាំបន្តនីតិវិធីនាព្រឹកស្អែកទៀត។
សូមបញ្ជាក់ជូនថាកាលព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានដោះលែងជនសង្ស័យឈ្មោះ កាយ ម៉េង ដែលជាប់ពាក់ព័ន្ធករណី ឆបោកលុយ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ប្រមាណ ៧ម៉ឺនដុល្លារ។
ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កាយ ម៉េង បញ្ជូនទៅតុលាការ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៣០២ អយក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការ ដែលភាគច្រើនគេឃើញកាន់តែសំណុំរឿង ឆបោកប្រាក់ និងចេញសែកស្អុយ៕