ឆក់ទូរស័ព្ទដៃ ពីជនជាតិចិន បានសម្រេចតែសំណាងអាក្រក់ត្រូវនគរបាលចាប់វាយខ្នោះ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ក្របួចជាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនជាតិចិន ម្នាក់បានសម្រេច តែសំណាងអាក្រក់គេចមិនរួច ៖ ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលខាងលើបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ នៅត្រង់ចំណុចក្រោយផ្សារអ៊ីអន១តាមបណ្តោយផ្លូវ សបិទ នៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១/មានឈ្មោះ ធី ថេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ នៅហាងស៊ុបចង្កាក់ ជាអ្នកឆក់ ។
ជនសង្ស័យទី២/ឈ្មោះ ឈាង វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើការ នៅហាងស្រាក្រឡុក ជាអ្នកបើកម៉ូតូ អ្នក ទាំង២ ស្នាក់នៅម្តុំផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែក ជនរងគ្រោះ ជាជនជាតិចិន មានឈ្មោះ ហ្សូ លន់ហ៊ី (Zhou Iunhe) ភេទប្រុស អាយុ២៧ឆ្នាំមុខរបរថៅកែ ហាងអាហាមួយនៅជិតកន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះជាជនជាតិចិន ដើរតាមបណ្ដោយផ្លូវ សបិទ តាមដៃទន្លេខាងក្រោយផ្សារអ៊ីអន១ ទិសដៅ ពីត្បូងទៅជើង ដើរបណ្តើរចុចទូរស័ព្ទបណ្តើ ខណៈមកដល់ចំណុចកើត ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាកស៊ុយគី លែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FC-4750 ជិះមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកហ៊ួ វ៉ៃ ពីជនជាតិចិន បានសម្រេច តែសំណាងមិនល្អ ជួបសមត្ថកិច្ច មូលដ្ឋានកំពង់ល្បាត នៅក្បែប្រទះឃើញក៏បានដេញ ភ្លាមៗនោះជនសង្ស័យបើកម៉ូតូគេច មកតាមបណ្ដោយផ្លូវស្ថានទូត រុស្សុី បត់មកខាងមុខផ្សារអ៊ីអនផ្លូវសុធារស់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដេញទាន់ ។
ប្រភពបន្តថា ពេលនោះ ជនសង្ស័យភ័យក៏ផ្តួលម៉ូតូរត់ចូលផ្សារអ៊ីអន បោះទូរស័ព្ទចោល ភ្លាមៗនោះក៏មានសន្តិសុខយាមនៅផ្សារអ៊ីអន ជួយចាប់បានជនសង្ស័យទាំង២នាក់និងរើស ទូរស័ព្ទប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៏ទន្លេបាសាក់យកទៅសួរនាំ និងប្រគល់ទូរស័ព្ទឲ្យទៅជនរងគ្រោះវិញ។
ក្រោយសួរនាំនិងធ្វើកំណត់ហេតុ រួចរាល់ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមនិតិវិធីច្បាប់៕