អ្នកគាំទ្រនឹកដល់ សាន ស្រីឡៃ ស្ទើរស្រក់ទឹកភ្នែកក្រោយរឿង “រាជិនីភូមិគ្រឹះ” ដាក់បញ្ចាំង
ខ្សែភាពយន្តភាគរឿង “រាជិនីភូមិគ្រឹះ” ដែលដឹកនាំសម្ដែងដោយលោក កៅ សីហា បានដាក់បញ្ចាំងនៅប៉ុស្ដិ៍ទូរទស្សន៍ហង្សមាសហើយកាលពីថ្ងៃទី១៨ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគ្រាន់តែរឿងនេះដាក់បញ្ចាំងមិនបានប៉ុន្មានថ្ងៃផងស្រាប់តែអ្នកគាំទ្រនឹកស្រណោះដល់តារាច្រៀង សាន ស្រីឡៃ កាលពីនៅរស់។
ដោយអ្នកខ្លះបានចូលទៅ Comment ខណៈពេល Live នៅលើផេកទូរទស្សន៍ហង្សមាសថា៖” មើលរឿង “រាជិនីភូមិគ្រឺះ” នឹកស្រណោះដល់ សាន ស្រីឡៃ ខ្លាំងណាស់មិនគួរណានាង អាយុខ្លីទាំងថតស្នាដៃចុងក្រោយមិនទាន់ចប់ផង។ បើនាងនៅរស់ម្ល៉េះពេលនេះនាង អង្គុយនៅផ្ទះចាំមើលស្នាដៃខ្លួនឯងសម្ដែងបាត់ទៅហើយ ខ្ញុំស្ទើរទប់ទឹកភ្នែកមិនបានទេពេលអង្គុយមើលរឿងនេះ”។
យ៉ាងណាមិញទោះបីជាគ្មានវត្តមាន សាន ស្រីឡៃ ក្នុងរឿងខាងលើក៏ដោយភាពយន្តភាគមួយនេះនៅតែទទួលបានការគាំទ្រពីទស្សនិកជនដដែលព្រោះសាច់រឿងពីមួយវគ្គទៅវគ្គគឺប្រទាក់ក្រឡាគ្នាល្អមិនចាញ់បរទេសឡើយ។ រីឯតួស្រីជំនួស សាន ស្រីឡៃ ទៀតសោតក៏សម្ដែងបានល្អគ្មានឆ្គងត្រង់ណាទេ។
រឿង “រាជិនីភូមិគ្រឹះ” ចូលរួមសម្ដែងដោយលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ លោក ថែល ថៃ អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង លីម៉ារីណា សូដា នីតា ព្រមទាំងតារាសម្ដែងប្រុសស្រីល្បីឈ្មោះមួយចំនួន។
គួររម្លឹកថា សាន ស្រីឡៃ ត្រូវបានស្វាមីនាង បាញ់សម្លាប់កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅហាង កែសម្ផស្សមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា ស្ថិតបណ្ដោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ (ប្រភព ដេីមដូង)