មន្ត្រីនគរបាល ស័ក៤ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុករទេះលក់មីឆានិងស៊ុបធ្វើឲ្យស្ត្រី២នាក់ម្តាយកូនរបួសធ្ងន់និងស្រាល
ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាលពាក់ស័ក្ក៤ម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាកឡិចសុីស330មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័បានរេចង្កូតជ្រុលទៅបុករទេះលក់មីឆានិងស៊ុប ពេញទំហឹង បណ្តាលឱ្យជះទឹកស៊ុបលើស្ត្រី ២នាក់ម្តាយកូន រងរបួសធ្ងន់និងស្រាល
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី២១ ខែវិច្ចិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងនិងផ្លូវ១០៤ ក្បែផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុននិងកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាកឡិចសុីសRX330ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD-9411 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលពាក់ស័ក៤ សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមដងផ្លូវព្រះស៊ីសុវត្ថិ ទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើបានរេចង្គុកទៅខាងឆ្វេងជ្រុលទៅបុកម៉ូតូសណ្ដោងរទេះលក់មីឆានិងស៊ុបមួយគ្រឿងដែលបើកបរដោយស្ត្រីម្នាក់ រួមដំណើរជាកូនស្រីម្នាក់ទៀត ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យជះទឹកស៊ុបទៅលើស្ត្រីជាម្ដាយរងរបួសធ្ងន់និងកូនស្រីរបួសស្រាល ចំណែករទេះខូចខាតយ៉ាងដំណំ។
ប្រភពបានបន្តថា ភ្លាមៗអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។
ក្រោយពេលកើតហតុ តំណាងភាគីទាំងសងខាងសុទ្ធតែកងកម្លាំងដូចគ្នាចុះមកអន្តរាគមន៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដោយម្ខាងៗអាងខ្សែររៀងៗខ្លួននិងប្រកែកជាគ្នាយកតែត្រូវ ទោះបីសមត្ថកិច្ចជំនាញព្យាយាមឲ្យគាគីទាំង២សម្របសម្រួលគ្នាអស់រយះពេលជាង១ម៉ោងនៅតែមិនអាចត្រូវគ្នា ទីបំផុតសមត្ថកិច្ច ជំនាញចុះមកវាសវែងយករថយន្តបង្កនិងរទេះលក់មីឆា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕