សាហាវព្រៃផ្សៃណាស់! ប្ដីចិត្តឃោឃៅវាយនឹង កាប់ប្រពន្ធស្លាប់យ៉ាងណោចអធម៌នៅកណ្ដាលវាលស្រែ
កណ្ដាល៖ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ត្រូវបានប្ដីចិត្តតិរច្ឆានវាយនិងកាប់បណ្ដាលឲ្យស្លាប់នៅកណ្ដាលវាលស្រែយ៉ាងអាណោចអធម៌កាលពីវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លុះព្រឹកឡើងទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ហេតុការនេះបានកើតឡើងនៅត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ យ៉ាត ស្រីពៅ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ ។
ចំណែកប្ដីដែលមានចិត្តតិរច្ឆានឈ្មោះ ឃុត សុផល អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ បន្ទាន់ពីសម្លាប់ប្រពន្ធរួចរត់គេចបាត់ អ្នកទាំង២មានទីលំនៅភូមិត្រពាំងពុទ្រាឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា មុនពេល សម្លាប់ប្រពន្ធ នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង០៧និង៣០នាទីយប់ ជនសង្ស័យជាប្ដីទាស់ពាក្យសម្ដីជាមួយស្ត្រីជាប្រពន្ធនិងបានប្រើអំពើហឹង្សាវាយដំទៅប្រពន្ធម្ដងរួចហើយ ពេលនោះបានអ្នកជិតខាងឈ្មោះ ឌុច ពេជ្រ ភេទប្រុស អាយុ៥៦ឆ្នាំ ចូលទៅជួយឃាត់ តែត្រូវ ជនសង្ស័យបាននិយាយប្រាប់ថា ( កុំមកចេះដឹងរឿងរបស់ខ្ញុំទេ )ពេលនោះឈ្មោះ ឌុច ពេជ្រ ក៏បានដើរចេញក៏ស្ងាត់ទៅ
ប្រភពដដែលបានបន្ថែមថា មួយសន្ទុះមកគេឃើញ ជនសង្ស័យ កាន់ដំបងឈើប្រហែលជាងមួយម៉ែត្រ និងដៃម្ខាងទៀតកាន់កាំបិតផ្គាក់ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ កាន់ធុងជ័រពណ៌ក្រហមរួចនាំគ្នាដើរចេញទៅរកក្តាមនៅចំណុច វាលស្រែខាងកើតភូមិបាត់ទៅ ។
ប្រភពបន្តថា លុះដល់វេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យ បានដើរមកប្រាប់ឈ្មោះ សន សុខឃីម ភេទស្រី ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះដោយប្រាប់ថា៖ ទៅយកបងហ្អែងទៅពេទ្យផង ព្រោះអញវាយបាក់ដៃនៅវាលស្រែខាងកើតភូមិ ភ្លាមនោះឈ្មោះ សន សុខឃីម បានឆ្លើយតបវិញថា៖ ទៅមិនកើតទេ ព្រោះយប់ហើយ បន្ទាប់មក ជនសង្ស័យក៏បានដើរចេញទៅបាត់ទៅ។ ស្រាប់តែព្រឹកឡើង មានប្រជាពលរដ្ឋដែលដើរទៅស្រែបានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ បានភ្ញាក់ផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងហើយរាយការណ៍ប្រាប់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ភ្លាមៗសមត្ថកិច្ចជំនាញ ក៏បានចុះទៅពិនិត្យលើខ្លួនសាកសពនៅកន្លែងកើតហេតុ រួចសន្និដ្ឋានថា៖ ជនសង្ស័យបានវាយឲ្យបាក់ដៃ និងកាប់លើក្បាលផ្នែកខាងក្រោយផុងដល់លលាដ៍ រួចហើយយកដៃ សង្កត់កជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង ។
ក្រោយកម្លាំងជំនាញបានធ្វើកោសល្យវិច័យនិងកំណត់ហេតុរួចក៏បានប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យក៏ធ្លាប់ជាប់ពន្ធនាគានៅខេត្តកណ្តាលពីបទ៖ ហិង្សាប្រព្រឹត្តដោយសហពន្ធ័ ៕