មន្ត្រីសុខាភិបាល រិះគន់ខ្លាំងនៅពេលប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែង អាចយកដីរដ្ឋធ្វើកម្មសិទ្ធិ
ព្រៃវែង)៖ សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថា មានការរិះគន់ខ្លាំងនៅក្នុងមជ្ឈដ្ឋានមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេច នៅពេលលោកវេជ្ជបណ្ឌិត យូ សុីឡិ ជាប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ដែលគេស្គាល់ថា ជាសាច់ញាតិរបស់ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច និងជាប្អូនថ្លៃរបស់ ឯកឧត្តម បណ្ឌិត ឧកញ៉ា សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង អាចកាន់កាប់ និងយកដីរដ្ឋទំហំ ៣៩ម៉ែត្រ គុណនឹង ៩៣ម៉ែត្រ ធ្វើជាកម្មសិទ្ធិដោយស្រួល។
ដីរដ្ឋដែលត្រូវគេរាយការណ៍ថា លោកវេជ្ជបណ្ឌិត យូ ស៊ីឡិ កំពុងកាន់កាប់ សាងសង់ផ្ទះ សាងសង់តូប សាងសង់បន្ទប់សម្រាប់ជួល និងកំពុងរត់ការធ្វើប្លង់យកនោះ គឺជាដីអតីតមណ្ឌលសុខភាពឃុំអង្គររាជ្យ ស្ថិតនៅខាងជើងសាលាឃុំអង្គររាជ្យ ភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេចមួយចំនួន បានលើកឡើងថា បន្ទាប់ពីពួកគាត់រិះគន់ និងស្នុំការបញ្ជាក់ពីថ្នាក់លើ មន្ត្រីថ្នាក់លើបានប្រាប់ពួកគាត់វិញថា ការដែលលោកវេជ្ជបណ្ឌិត យូ ស៊ីឡិ អាចយកដីនោះធ្វើជាកម្មសិទ្ធិបាន ព្រោះតែគាត់រស់នៅទីនោះយូរមកហើយ និងគ្មានដីសម្រាប់រស់នៅ ទើបថ្នាក់លើសម្រេចប្រគល់ដីនោះទៅឲ្យគាត់។
ក្រុមមន្ត្រីសុខាភិបាលស្រុកព្រះស្តេចមួយចំនួន បានសម្តែងការអាក់អន់ស្រពន់ចិត្តខ្លាំងនៅពេលដែលពួកគាត់មានជីវភាពមិនសូវធូរធារ និងគ្មានដីរស់នៅដូចលោកវេជ្ជបណ្ឌិត យូ ស៊ីឡិ ដែរ ប៉ុន្តែគ្មានថ្នាក់លើណាយកចិត្តទុកដាក់រកដីឲ្យសង់ផ្ទះ សង់តូប និងបន្ទប់ជួល រកលុយក្រៅបន្ថែម ដូចជាលោកវេជ្ជបណ្ឌិត យូ ស៊ីឡិ សោះ។
ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិត យូ ស៊ីឡិ ប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច បានប្រាប់ ANN តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះថា ដីដែលលោកកំពុងរស់នៅនោះ គឺពិតជាដីដែលរដ្ឋបម្រុងទុកធ្វើជា មណ្ឌលសុខភាពអង្គររាជ្យ ប្រាកដមែន ប៉ុន្តែលោកបានសុំអាជ្ញាធររស់នៅលើដីនេះតាំងពីឆ្នាំ២០០៦មកម្ល៉េះ ចំណែកមណ្ឌលសុខភាពឃុំអង្គររាជ្យ ក៏ត្រូវបានថ្នាក់លើធ្វើនៅទីតាំងផ្សេងរួចរាល់ហើយដែរ ដូច្នេះទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីនេះ ទៅអាជ្ញាធរឃុំ ស្រុក ដើម្បីធ្វើជាកម្មសិទ្ធិរបស់លោកស្របច្បាប់តែម្តងទៅ។
លោកវេជ្ជបណ្ឌិត យូ ស៊ីឡិ បានអះអាងថា លោកដាក់ពាក្យកាន់កាប់ដីធ្លី ដើម្បីយកដីរដ្ឋនេះធ្វើជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ខ្លួនគឺគោរពតាមលិខិតរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតម្រូវឲ្យអាជ្ញាធរដែនដី កាត់ដីរបស់រដ្ឋប្រគល់ឲ្យប្រជាជន និងមន្ត្រីរាជការ ដែលបានរស់នៅអាស្រ័យផលតាំងពីយូរលង់មកហើយ។
ចំពោះករណី ប្អូនថ្លៃអាចយកដីរដ្ឋធ្វើជាកម្មសិទ្ធិនេះ អ្នកសារព័ត៌មាន មិនទាន់អាចសុំការបញ្ជាក់ពី ឯកឧត្តម បណ្ឌិត ឧកញ៉ា សេងអ បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បាននៅឡើយទេ ដោយសារទូរស័ព្ទដៃរបស់ ឯកឧត្តម បណ្ឌិត ឧកញ៉ា ប្រធានមន្ទីរ មិនអាចទំនាក់ទំនងបាន៕