ក្រុមចោរជិះឡានទំនើប កាក់ម៉ូតូកង់បីឥណ្ឌាប្លន់យកទ្រព្យសម្បត្តិភ្ញៀវបានសម្រេចនៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះរថយន្តស៊េរីទំនើបកាក់ម៉ូតូកង់បីឥណ្ឌា ធ្វើសកម្មភាពយក កាំបិតភ្ជង់ប្លន់យកកាបូបភ្ញៀវដែលជិះម៉ូតូកង់បីឥណ្ឌ បានសម្រេច រួចនាំគ្នាជិះរថយន្តគេចខ្លួនបាត់ស្រមោល
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចមុខ កន្លែងលក់ផ្កា តាមបណ្តោយផ្លូវ៥៩៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមការរៀបរាប់ពីម្ចាស់ម៉ូតូកង់បីឥណ្ឌាបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌សពាក់ស្លាកលេខតាកែវ1P-8671បានដឹកជនរងគ្រោះជាភ្ញៀវចេញពីម្តុំអូឡាំពិច ទៅបុរីប៉េងហួត ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកស្តារិចមួយគ្រឿង ពណ៌ខ្មៅ បានបិទស្លាកលេខមុខក្រោយជិត បើកមកកាក់ម៉ូតូកង់បីរបស់គាត់ពីមុខ ភ្លាមៗគាត់ក៏បានឈប់ស្រាប់តែមានជនសង្ស័យចំនួន៣នាក់សុទ្ធតែបិតមុខហើយភ្លាមៗនោះជនសង្ស័យចំនួន២នាក់កាន់ដោយកាំបិត បានចុះពីលើរថយន្តមកភ្ជង់ប្លន់យកកាបូបស្ពាយ ពីជនរងគ្រោះបានសម្រេច រួចនាំគ្នាឡើងជិះរថយន្ត បើកគេចបាត់ស្រមោលដោយសុវត្ថិភាព ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះបានជិះម៉ូតូកង់បីបន្តទៅកន្លែងស្នាក់នៅរបស់គាត់បាត់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ហើយ ក៏មិនដឹងថា ជនរងគ្រោះមានទ្រព្យសម្បត្តិ អ្វីខ្លះដែលបាត់បង់នៅក្នុងកាបូបនោះដែរ ។
សូមរំលឹកថា នេះជាករណីទី២ហើយដែលក្រុមជនសង្ស័យជិះរថយន្តម៉ាកស្តារិច ធ្វើសកម្មភាពប្លន់ បន្ទាប់ពីមានប្រជាពលរដ្ឋបានបង្ហោះវីដេអូកាំមេសុវត្ថិភាពនៅលើបណ្ដាញ សង្គមពីកម្មភាពជនជាតិចិនមួយក្រុម ជិះរថយន្ត កាក់ប្លន់ស្ត្រីម្នាក់ជិះកង់បីឥណ្ឌាដែរ ហើយករណីនេះសង្ស័យជាក្រុមតែមួយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែចុះទៅសួរនាំ ម្ចាស់ ម៉ូតូកង់បី តែប៉ុណ្ណោះ ខណៈដែលក្រុមជនសង្ស័យ បានគេចខ្លួនបាត់អស់ដោយសុវត្ថភាព ។
មហាជនរងចាំមើលថា តើសមត្ថកិច្ចជំនាញខណ្ឌឫស្សីកែវ អាចស្រាវជ្រាវចាប់ក្រុមជនសង្ស័យទាំងនោះយកមកផ្ដន្ទោទោស បានដែរទេ.? ៕