បើករថយន្តលឿនអោនយកទឹកផឹកមិនប្រយត្ន័ជ្រុលបុករង្វង់មូលនិងបង្គោលភ្លើងរេចង្កូតធ្លាក់ផ្លូវ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ហើយមិនមានការប្រុងប្រយ័ត្ន ខណៈអោនយកទឹកផឹកស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកសំរោង និងបង្គោលភ្លើង ព្រមទាំងបង្គោលឃាំងចញ្ចើមផ្លូវបាក់អស់២ដើម ឯរថយន្តធ្លាក់ផ្លូវរងការខូចខាត ។
គ្រោះថ្នាក់ចរារចណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលជាប់គល់ស្ពានព្រែកសំរោង ផ្លូវថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើយោងតាមសម្ដីអ្នកបើកបររថយន្តបង្កដោយមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្ត ម៉ាក កាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T-5715 ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុមិននឹកស្មានថាដល់រង្វង់មូលនោះទេ រូបគាត់បានអោនយកទឹកផឹក ពេលកំពុងតែអោនស្រាប់តែមកដល់រង្វង់មូលតែម្ដង ទើបបណ្ដាលឲ្យបុកសួនរង្វង់មូល ហើយរេចង្កូតមកស្ដាំដៃទៅបុកបង្គោលភ្លើងនិងបង្គោលឃាំងចញ្ចើមផ្លូវ បាក់អស់២ដើម រាប់ដល់ដី ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវនិងបើកកាត់ព្រៃ ហើយត្រូវបានសមត្ថកិច្ចដែលប្រចាំការឃើញក៏ឃាត់តែម្ដង ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕