ស្លាប់មួយរបួសធ្ងន់និងស្រាល៣នាក់ក្នុងករណីម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវ២០អា
ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ រួចខ្ទៀតបន្តទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោច អធម៌នៅនិងកន្លែង ចំណែក៣នាក់ទៀតរបួសធ្ងន់ស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០A ស្ថិតក្នុង ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ផាត់ សុផា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបបជាងសំណង់ មានទីលំនៅ ភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកអ្នករងរបួសមិនបានស្គាល់ឈ្មោះនោះទេ ។
យោងតាមសម្ដីជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក ស៊ុយសុគី និក មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកណ្ដាល1AE-3884ជិះគ្នា២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០A ទិសដៅពីលិចមកកើត ខណៈពេលនោះក៏មានម៉ូតូ២គ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបានបុកគ្នាពេញទំហឹងរួចខ្ទៀតមកប៉ះម៉ូតូរបស់គាត់បណ្ដាលអោយគាត់និងជិះអ្នកខាងក្រោយរងរបួសស្រាល ។
ប្រភពបន្តទៀតថា ប៉ុន្តែជាអកុសលភាគីម៉ូតូទាំង២គ្រឿងដែលបុកគ្នានោះ បានធ្វើអោយបុរសម្នាក់បែកក្បាលស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេក និងភាគីម្ខាងទៀតរងរបួសធ្ងន់។ភ្លាមៗជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះ ស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕