យុវតីម្នាក់លោតទឹកពីលើស្ពានព្រែកសំរោងសម្លាប់ខ្លួនដោយមិនទាន់ដឹងពីមូលហេតុ
ភ្នំពេញ៖ យុវតីម្នាក់មិនដឹងថា មានវិបត្ដិអ្វីនោះទេបានសម្រេចចិត្តគិតខ្លីជិះកង់មកលោតទឹកពីលើស្ពានព្រែកសំរោង ដើម្បីបញ្ចប់ជីវិត
ហេតុការនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
យុវតីដែលគិតខ្លីលោតទឹកសម្លាប់ខ្លួនមានឈ្មោះ អ៊ុន វិច្ឆិកា ភេទ ស្រី អាយុ១៨ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញយុវតីរងគ្រោះខាងលើបានជិះកង់មួយគ្រឿងឡើងមកលើស្ពានទិសដៅពីខាងព្រែកថ្មីមកតាខ្មៅ ខណៈជិះមកចំណុចកើតហេតុស្រាប់តែឈប់កង់ដោយមានទឹកមុខស្រពាប់ស្រពោន មិនដឹងថាមានរឿងអ្វីនោះទេ ហើយក៏ដោះស្បែកជើង រួចឡើងលើបង្កាន់ដៃស្ពាន ភ្លាមៗ មានអ្នកធ្វើដំណើរឆ្លងកាត់ស្ពានបានចូលទៅជួយចាប់ដែរតែជួយមិនទាន់ ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុផ្អើលឆោឡោ ភ្លាមៗគេឃើញក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានមកដល់កន្លែងកើតហេតុ នាំគ្នាទ្រហោយំ និងបានជួលទូកក្រុមអ្នកជំនាញមុជទឹករក រហូតដល់ទៅជាង២ម៉ោងនៅតែរកមិនឃើញ ។
ក្រោយមកក្រុមគ្រួសារសាច់ញាតិបាននាំគ្នាត្រលប់ទៅផ្ទះវិញ រង់ចាំដំណឹងនៅពេលក្រោយបន្តទៀត ។
ជុំវិញករណី លោតទឹកសម្លាប់ខ្លួនរបស់យុវតីរងគ្រោះខាងលើក្រុមគ្រួសារនិងសាច់ញាតិមិនបានបញ្ជាក់ពីមូលហេតុ នាំអោយមានបញ្ហានេះកើតឡើងបានឡើយ ៕