សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល
ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិរដ្ឋបាលបឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ខណៈដែលពួកគេធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ បានសម្រេច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៨ព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៨នៅ ចំណុចផ្លូវលេខ ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ខាំ ម៉ារី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ១១៩ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក ចំណែកបក្ខពួក៣នាក់រត់គេចខ្លួនបាត់មិនត្រូវបានស្គាល់អត្តសញ្ញណ ។
តាមសម្តីនារីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូស្តុបពីមួយគ្រឿង ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX 1491 ដោយបានស្ពាយកាបូបធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣១៥ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាចំនួន៤នាក់ជិះម៉ូតូពីរគ្រឿងមកក្បែររួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាងបានសម្រេច បណ្តាលអោយនាងដួលរងរបួស ។ ភ្លាមៗនោះជនរងគ្រោះក៏បានស្រែកឆោឡោផ្អើលដល់អ្នកដំណើរនឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិបឹងកក់ ជួយអន្តរាគមន៍ដេញចាប់ក្រុមចោរឆក់ខាងលើរហូតដល់ចំណុចផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកក់ទី២ ក៏សមត្ថកិច្ចឃាត់បានជនសង្ស័យម្នាក់ នឹងដកហូតម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT 0822 មកកាន់ប៉ុស្តិរដ្ឋបាលបឹងកក់ទី២ ចំណែក បក្ខពួក៣នាក់ទៀតបានជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនសង្ស័យដែលឃាត់រួមនឹងម៉ូតូធ្វើសកម្មភាពត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកបក្ខពួក៣នាក់ ទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវ ជ្រាវតាមចាប់បន្ត៕