បុរសសតិមិនប្រក្រតីម្នាក់ឡើងចង.កស្លាប់លើដើមស្វាយ ជាប់បន្ទប់ មេប៉ុស្ដិ៍ស្ទឹងមានជ័យ១ មន្ត្រីនគរបាលប៉ុស្តិ៍មិនដឹង
ភ្នំពេញ៖ ពលរដ្ឋមានការភ្ញាក់ផ្អើល នាំគ្នាសម្ដែងនូវហួសចិត្តនិងរិះគន់យ៉ាងខ្លាំងទៅលើ មន្ត្រីនគរបាល ប៉ុស្ដិ៍ ស្ទឹងមានជ័យទី១ ជាពិសេសលោក ម៉ៅ សាវឿន ដែលជានាយប៉ុស្ដិ៍ផ្ទាល់តែម្ដង ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនមិនបានល្អ រហូតបណ្ដោយឲ្យមាន បុរសដែលសតិមិនប្រក្រតីម្នាក់ដើរចូលក្នុងបរិវេនប៉ុស្ដិ៍ ហើយឡើងលើដើមស្វាយចង.ក សម្លាប់ខ្លួនបានសម្រេច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅលើដើមស្វាយ ជាប់មុខបន្ទប់លោកមេប៉ុស្តិ៍ក្នុងបរិវេនប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដោយប្រជាពលរដ្ឋប្រាប់ថា ជាជនដែលមានសតិមិនប្រក្រតី (ជនអនាថា) ។
បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលឃើញសពជនរងគ្រោះគឺមានក្មេងៗដែលរស់នៅក្នុងភូមិក្បែរប៉ុស្ដិ៍ បានដើរកាត់ បានប្រទះឃើញជនរងគ្រោះចង.កនៅលើដើមស្វាយ រួចក្មេងៗក៏បានរត់ទៅប្រាប់គាត់ថា មានគេចង.ក នៅដើមស្វាយក្បែប៉ុស្តិ៍លុះ នាំគ្នាមកមើល អកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ បន្ទាប់មកគាត់ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ ឲ្យបានដឹងផងដែរ ។
ក្រោយមក មន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១បានឲ្យជំនាញ កោសល្យវិឆ័យមកពិនិត្យរួចរាល់ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចង ក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុឲ្យរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិ និងបូជាតាមប្រពៃណីនៅពេលក្រោយ ៕