ប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ ជូនមន្រ្ដីនគរបាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ សរុប១១៧នាក់
ភ្នំពេញៈ នៅសាលប្រជុំខណ្ឌដង្កោ នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹង ថៃ្ងទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ បានប្រារព្ធ ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ ជូនមន្រ្ដីន គរ បាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ស ថេត អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ,លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ នឹងមានការចូលរួមពីសំណាក់លោកអធិការ អធិការរង និង មន្ត្រី នគរបាល ដែលត្រូវ ទទួល ការតែងតាំង ភារកិច្ច បំពាក់ ឋានន្ដរ ស័ក្កិ និងទទួលប័ណ្ណសរសើរ លិខិត សរសើរ សរុប ១១៧ នាក់ ។ ជាមួយគ្នានោះបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន ៤នាក់, បំពាក់ឋានន្តរស័ក្តិចំនួន ៩៣នាក់, ផ្តល់ប័ណ្ឌសរសើរចំនួន៩ នាក់ ។
ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញបានកោតសរសើរនឹងថ្លែងអំណរគុណដល់កម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងបានល្អ ដូចជាករណីបង្ក្រាបនឹងទប់ស្កាត់បទល្មើសផ្សេងៗ នឹងល្បាតការពារសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ក៏បានក្រើនរំលឹកដល់កងកម្លាំងត្រូវតែបន្តអនុវត្តន៍តាមបញ្ជាថ្នាក់លើអោយបានល្អ ជាពិសេសត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពអោយបានខ្លាំង នឹងបម្រើប្រជាពលរដ្ឋអោយបានល្អ៕