ព្រឹកថ្ងៃទី២១ខែធ្នូនេះចៅក្រមស៊ើបសួរបន្តនិតិវិធីសាកសួរថៅកែការ៉ាស់សាំង PTTនិងចោទប្រកាន់ជាផ្លូវការ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ខែធ្នូឆនាំ២០១៩នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីសាកសួរ ថៅកែការ៉ាស់សាំង PTT លោក សារុន វីថូរ៉ាត់ កូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្ត្រ ខេត្តតាកែវដែលបានចោទប្រកាន់ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ ខណៈបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
ដោយឡែកគ្រូបង្រៀន អ៊ឹម សិរីរដ្ឋ ត្រូវបានតុលាការដោះលែងអោយមានសេរីភាព វិញ ព្រោះរកមិនឃើញពីការប្រព្រឹត្តបទល្មើសលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។
លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវៃស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុងបន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ខែធ្នូថ្មីៗនេះ នៅចំណុចការ៉ាស់សាំងរបស់លោក ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ខណ្ឌដង្កោ ក្បែររង្វង់មូលគួរស្រូវ ៕